Quantcast
Channel: ព័ត៌មានជាតិ –ខ្មែរស្ថាបនា
Viewing all 4099 articles
Browse latest View live

កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី​៦៣​ឆ្នាំ​នៃ​ទិវា​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគម​បារាំង

$
0
0

ក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី និងអមដំណើរដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានព្រឹទ្ធសភាលោក ហេង សំរិន ព្រះមហាក្សត្រ បានប្រទានគារវៈកិច្ចដល់មន្ត្រីរាជការ អ្នកមុខអ្នកការ និងអង្គទូតនានា។

ភ្នំពេញ —ព្រះរាជាណាចក្រកម្ពុជាប្រារព្ធខួប៦៣ឆ្នាំនៃការទទួលបានឯករាជ្យពីការដាក់នឹងអាណានិគមបារាំងនៅព្រឹកថ្ងៃពុធ ទី៩ ខែវិច្ឆិកានេះ។

មន្ត្រីរាជការមកពីក្រសួងពាក់ព័ន្ធ ក្រុមតំណាងរាស្ត្រ ពលទាហាន សិស្សានុសិស្ស និងជាពិសេសក្រុមយុទ្ធជន បានមកជួបជុំនៅវិមានឯករាជ្យ ដើម្បីចូលរួមពិធីយ៉ាងឧឡារិកអធិកអធមអមដោយភ្លេងជ័យអបអរសាទរនៃការទាមទារឯករាជ្យរបស់វីរជនខ្មែរ។

ក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី និងអមដំណើរដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានព្រឹទ្ធសភាលោក ហេង សំរិន ព្រះមហាក្សត្រ បានប្រទានគារវៈកិច្ចដល់មន្ត្រីរាជការ អ្នកមុខអ្នកការ និងអង្គទូតនានា។

បន្ទាប់មក ព្រះអង្គថ្វាយភ្លើងជ័យដើម្បីរំលឹកដល់វីរភាពអង់អាចរបស់យុទ្ធជន នាយទាហាន និងព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិចេញពីប្រទេសបារាំង។

55d3cd11-373f-41c7-8993-55648066e021_w610_r1_s

ព្រះអង្គក៏យាងគារវៈកិច្ចជាមួយប្រជាពលរដ្ឋ សិស្សានុសិស្ស និងមន្ត្រីអ្នកមុខអ្នកការជាច្រើនទៀត មុននឹងយាងត្រលប់ចូលព្រះបរមរាជវាំងវិញ។

ប្រទេសបារាំងបានធ្វើជាអាណាព្យាបាលលើព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣។

អតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានទាមទារឯករាជ្យពីបារាំងនៅទីក្រុងប៉ារីស នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

លោក សារុន អាយុ៥២ឆ្នាំ ជាអ្នករត់រ៉ឺម៉កកង់បីនៅរាជធានីភ្នំពេញ និយាយថា លោករីករាយដែលកម្ពុជាបានរំដោះខ្លួនចេញពីបរទេស ហើយមិនស្ថិតក្រោមការត្រួតត្រារបស់ប្រទេសក្រៅតទៅទៀត។

«បើមិនសប្បាយចិត្តម៉េច បើយើងរើបម្រះពីនឹមបរទេសហើយ។ អញ្ចឹងមានន័យថាយើងឯករាជ្យ»។

លោក ថុល ចន្ថន អាយុ៣៣ឆ្នាំ ប្រជាពលរដ្ឋម្នាក់ក្នុងទីក្រុងភ្នំពេញ និយាយថា ទោះបីជាលោកកើតមិនទាន់ថ្ងៃទទួលបានឯករាជ្យជាតិមែន តែលោកថា លោកសប្បាយចិត្តដែលកម្ពុជាមិនស្ថិតក្រោមការត្រួតត្រារបស់បរទេស។

លោកសំណូមពរឲ្យសហគមន៍ជាតិ និងអន្តរជាតិ ជួយរក្សាឯករាជ្យភាពនេះឲ្យបានរហូត។

«ហ្នឹងហើយជួយទប់ស្កាត់ប្រទេសយើងកុំឲ្យមានសង្គ្រាមឡើងវិញ ហើយកុំឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសណាមួយ។ ឲ្យប្រទេសយើងឯករាជ្យរហូតតែម្ដងទៅ»៕

ប្រភព៖ voa


មេដឹកនាំ​កម្ពុជា​អបអរ​សាទរ​ជ័យជម្នះ​លោក ដូណាល់​ ត្រាំ

$
0
0

លោក ដូណាល់ ត្រាំ គឺជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ រីឯលោកស្រី ហ៊ីឡារី គ្លីនតុន គឺជាបេក្ខនារីមកពីគណបក្សប្រជាធិបតេយ្យ។

ភ្នំពេញ —លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា កាលពីថ្ងៃពុធបានសាទរចំពោះការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ (Donald Trump) ដែលនឹងក្លាយជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក។

លោក ហ៊ុន សែន បានថ្លែងបញ្ជាក់លើទំព័រហ្វេសប៊ុករបស់លោក ក្នុងន័យដើមថា៖«អបអរសាទរ ឯកឧត្ដម ដូណាល់ ត្រាំ ដែលបានទទួលជោគជ័យសម្រាប់ការបោះឆ្នោតជាប្រធានាធិបតីអាមេរិក»។

លោកបានបន្តថា៖ «ប៉ុន្មានថ្ងៃមុន នៅពេលដែលខ្ញុំបង្ហាញនូវការគាំទ្ររបស់ខ្ញុំ ចំពោះឯកឧត្ដម មានមនុស្សមួយចំនួនបានចេញមកវាយប្រហារខ្ញុំរហូតចោទឯកឧត្ដម ថាជាមនុស្សផ្ដាច់ការ ទើបមានមនុស្សដូចខ្ញុំទៅគាំទ្រ។ ពេលនេះ អ្វីៗច្បាស់ហើយ គឺប្រជាជនអាមេរិកត្រូវការឯកឧត្ដមដឹកនាំ ហើយការគាំទ្ររបស់ខ្ញុំ ក៏មិនខុសដែរ»។

លទ្ធផលបឋមបង្ហាញថា លោក ដូណាល់ ត្រាំ ទទួលបានប្រតិភូ២៨៨ ជាចំនួនលើសពីប្រតិភូ២១៥ ដែលលោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ទទួលបាននៅក្រោយការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកានេះ។

លោក ដូណាល់ ត្រាំ គឺជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ រីឯលោកស្រី ហ៊ីឡារី គ្លីនតុន គឺជាបេក្ខនារីមកពីគណបក្សប្រជាធិបតេយ្យ។

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខា ក៏បានផ្ដល់ការសាទរ ចំពោះជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ដែលជាមហាសេដ្ឋីអចលនទ្រព្យនៅសហរដ្ឋអាមេរិកផងដែរ។

លោក កឹម សុខា បានថ្លែងក្នុងន័យដើមលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃពុធនេះដែរថា៖

«ខ្ញុំជឿជាក់ថា គោលនយោបាយរបស់គណបក្សសាធារណរដ្ឋដែលឲ្យតម្លៃទៅលើសិទ្ធិសេរីភាពរបស់មនុស្ស ជាពិសេសដែលខ្ញុំផ្ទាល់ ធ្លាប់បានទទួលនូវកិច្ចសហប្រតិបត្តិការតាំងពីខ្ញុំនៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារហូតមកនោះប្រាកដជានឹងបន្តឲ្យកាន់តែកក់ក្ដៅ និងរឹងមាំថែមទៀតជាមិនខានសម្រាប់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពនៅប្រទេសកម្ពុជារបស់ប្រជាពលរដ្ឋខ្មែរ»។

ក្រោយការប្រកាសលទ្ធផលផ្លូវការ លោកស្រី គ្លីនតុន បានទូរស័ព្ទទៅលោក ត្រាំ ដោយបញ្ជាក់ពីការទទួលស្គាល់របស់លោកស្រី ចំពោះលទ្ធផលបោះឆ្នោតនេះ។

លោក ត្រាំ ត្រូវគេរំពឹងថា នឹងចូលកាន់កាប់តំណែងប្រធានាធិបតី ដោយមានសំឡេងភាគច្រើនមកពីគណបក្សសាធារណរដ្ឋ ទាំងក្នុងព្រឹទ្ធសភា និងសភារបស់អាមេរិក។

បន្ទាប់ពីទទួលបានការគាំទ្រពីប្រជារាស្ត្រអាមេរិកាំងឲ្យលោកធ្វើជាប្រធានាធិបតី លោក ត្រាំ ក៏ត្រូវគេរំពឹងថា នឹងជួបប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្ន គឺលោក បារ៉ាក់ អូបាម៉ា នាថ្ងៃព្រហស្បតិ៍នេះ។

លោក អូបាម៉ា នឹងចាកចេញពីតំណែងនៅថ្ងៃទី២០ ខែមករាឆ្នាំក្រោយ។

លោក អូបាម៉ា បានផ្ញើសារនយោបាយក្នុងថ្ងៃបោះឆ្នោតនេះថា៖«មិនថាមានអ្វីកើតឡើងឡើយ ព្រះអាទិត្យនឹងរះនៅពេលព្រឹក»។

លោក សូ ចន្ថា សាស្ត្រាចារ្យនយោបាយ ប្រាប់ VOAកាលពីថ្ងៃពុធថា ការសម្រេចចិត្តរបស់ពលរដ្ឋអាមេរិកាំងគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅសហរដ្ឋអាមេរិក។

ក៏ប៉ុន្តែលោកថា លោក ត្រាំ នឹងមិនផ្ដោតការគិតគូរខ្លាំងដល់ការពង្រឹងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យក្មេងខ្ចីមួយចំនួន ដូចជាប្រទេសកម្ពុជាទេ។

«សម្រាប់ខ្ញុំ ខ្ញុំគិតថា នៅពេលដែលលោក ត្រាំ ឈ្នះឆ្នោត ហាក់ដូចជាមិនសូវ ប្រហែលជាមិនអាចជួយជំរុញដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ឲ្យមានដំណើរការទៅមុខ ហើយប្រកបដោយការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋពិតប្រាកដនៅកម្ពុជានោះទេបាទ»។

ជាមួយនឹងការជាប់ឆ្នោតធ្វើជាប្រធានាធិបតីរបស់លោក ត្រាំ តម្លៃភាគហ៊ុនក្នុងទីផ្សារភាគហ៊ុននៅក្នុងសកលលោកត្រូវបានគេរាយការណ៍ថា បានរង្គោះរង្គើ។

យ៉ាងណាក៏ដោយ ការរង្គោះរង្គើបានចុះថមថយ នៅគ្រាដែលអ្នកវិនិយោគបានថ្លឹងថ្លែងដល់ជ័យជម្នះរបស់លោក ត្រាំ ក្នុងការបោះឆ្នោតដ៏តានតឹង និងមានលក្ខណៈប្រវត្តិសាស្ត្រមួយនេះ។

ជ័យជម្នះលោក ត្រាំ បានកើតឡើងនៅក្នុងរដ្ឋដែលមានការប្រកួតប្រជែងគ្នាខ្លាំង រួមមានរដ្ឋ Ohio និង Pennsylvania។

លោក ត្រាំ ត្រូវបានគេដកស្រង់សម្ដីលោកថា វាជាពេលវេលាដែលយើងត្រូវរួមគ្នាជាប្រជាជនរួបរួមមួយ។ លោកបានសន្យាថា លោកនឹងធ្វើជាប្រធានាធិបតីសម្រាប់ពលរដ្ឋអាមេរិកាំងទាំងអស់៕

ប្រភព៖ voa

អង្គការ​សង្គម​ស៊ីវិល​សម្ដែង​ការ​ខកចិត្ត​នឹង​ការ​ឈ្នះ​ឆ្នោត​របស់​លោក​ ដូណាល់​ ត្រាំ

$
0
0

លោក ត្រាំ ត្រូវបានគេមើលឃើញថា ជាបេក្ខជនដែលមានលក្ខណ:ខុសប្លែកពីបេក្ខជនប្រធានាធិបតីដទៃៗទៀតដោយសារការនិយាយកុហក ការនិយាយស្ដីមិនសមរម្យ ការរើសអើងពូជសាសន៍និងស្ត្រី ការសង់ជញ្ជាំងព្រំប្រទល់ជាប់ប្រទេសម៉ិចស៊ិក និងបញ្ហាជាច្រើនទៀត។

ភ្នំពេញ —អង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជាសម្ដែងការខកចិត្តចំពោះលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលផ្ដល់ជ័យជម្នះដល់លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជនខាងគណបក្សសាធារណរដ្ឋ។

លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកានេះ បានបង្ហាញថាលោក ដូណាល់ ត្រាំ មហាសេដ្ឋីអចលនទ្រព្យ និងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋបានឈ្នះគូប្រជែងរបស់លោកគឺលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ដែលជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ។

លោក ត្រាំ ត្រូវបានគេមើលឃើញថា ជាបេក្ខជនដែលមានលក្ខណ:ខុសប្លែកពីបេក្ខជនប្រធានាធិបតីដទៃៗទៀតដោយសារការនិយាយកុហក ការនិយាយស្ដីមិនសមរម្យ ការរើសអើងពូជសាសន៍និងស្ត្រី ការសង់ជញ្ជាំងព្រំប្រទល់ជាប់ប្រទេសម៉ិចស៊ិក និងបញ្ហាជាច្រើនទៀត។

គូប្រជែងរបស់លោក ដូណាល់ ត្រាំ គឺលោកស្រី ហ៊ីលឡារី គ្លីនតុន ខាងគណបក្សប្រជាធិបតេយ្យដែលជាអតីតរដ្ឋមន្ត្រីការបរទេស និងជាអតីតស្ត្រីទី១ នៅពេលស្វាមីលោកស្រីគឺលោក Bill Clinton កាន់មុខតំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកនោះ ត្រូវបានគេទាយថា នឹងមានជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅក្នុងអាណត្តិនេះ។

ប៉ុន្តែ លោក ត្រាំ បែរជាទទួលបានប្រតិភូ២៨៨ ខណៈ:ដែលលោក ស្រី ហ៊ីលឡារី គ្លីនតុន ដែលជំពាក់ជំពិននឹងអំពើពុករលួយនិងការលុបចោលសារអេឡិចត្រូនិកផ្ទាល់ខ្លួន ទទួលបានប្រតិភូតែ២១៥។

នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនេះ បេក្ខជនដែលទទួលបានចំនួនប្រតិភូច្រើនជាងពាក់កណ្ដាលនៃចំនួនប្រតិភូសរុប៥៣៨ ពោលគឺចំនួន២៧០ឡើងទៅ គឺជាអ្នកឈ្នះ។

កាលពីថ្ងៃពុធ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានអញ្ជើញសមាជិកអង្គការក្រៅរដ្ឋាភិបាល សិស្សនិស្សិត និងអ្នកសារព័ត៌មានដើម្បីចូលរួមក្នុងការប្រារព្ធពិធីជួបជុំមួយដើម្បីរង់ចាំមើលលទ្ធផលនៃការបោះឆ្នោត។

a7ef593d-4aa8-4b2f-8947-570762e6027d_w610_r0_s

នៅក្នុងកម្មវិធីជួបជុំនោះ អ្នកតាមដានការបោះឆ្នោតនេះតាមកញ្ចក់ទូរទស្សន៍ និងផ្ទាំងសំពត់សនៅស្ថានទូតអាមេរិកបានបង្ហាញពីការសប្បាយចិត្ត និងហ៊ោកញ្ជ្រៀវ នៅពេលដែលសំឡេងឆ្នោតរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន មានការកើនឡើង។

ប៉ុន្តែ ពួកគេសម្ដែងការខកចិត្ត នៅពេលដែលសំឡេងឆ្នោតរបស់លោកស្រី មានការធ្លាក់ចុះ។

លោក អ៊ូ វីរ: ប្រធានវេទិកាអនាគត ដែលបានចូលរួមនៅក្នុងកម្មវិធីនៅស្ថានទូតអាមេរិកនោះ បានមានប្រសាសន៍ថា លោកមានការខកចិត្ត និងមានការព្រួយបារម្ភពីការឈ្នះឆ្នោតរបស់លោក ដូណាល់ ត្រាំ។

«វាជាការខកចិត្តមួយ។ ជាទូទៅខ្ញុំមិនប្រកាន់គណបក្សមួយណាទេ។ វាមិនខុសគ្នាណាស់ណាទេគណបក្សទាំងពីរនេះ។ ប៉ុន្តែលោក ដូណាល់ ត្រាំ គាត់មានភាពឆេវឆាវ។ គាត់មានការមើលងាយស្ត្រី ហើយអ្វីដែលគាត់និយាយមកគឺកុហកកណ្តាលៗវាល»។

លោកបន្ថែមថា៖«ប្រសិនបើពិភពលោក គាត់បាត់បង់ការទុកចិត្តទៅលើសហរដ្ឋអាមេរិក វាអាចធ្វើឲ្យប្រទេសនិមួយៗហ្នឹង ទិញនូវសព្វាវុធ បញ្ចេញនូវសាច់ដុំទិញនុយក្លេអ៊ែរដើម្បីការពារខ្លួនរៀងៗខ្លួន»។

លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស បាននិយាយថា លោកចង់ឲ្យលោកស្រី ហ៊ីលឡារី គ្លីនតុន ឈ្នះជាប្រធានាធិបតី ដោយសារលោកស្រីយល់ពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា ហើយលោកថា លោកស្រីអាចនឹងបន្តការងាររបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា។

លោកបន្តថា លោក ត្រាំ អាចនឹងព្រងើយកន្តើយនឹងបញ្ហាសិទ្ធិមនុស្សដែលជាបញ្ហាចម្បងនៅកម្ពុជា។

«ខ្លាចត្រាំ គាត់អត់បានយកចិត្តទុកដាក់ពេញលេញទៅលើបញ្ហាសិទ្ធិមនុស្សក្នុងពិភពលោក ជាពិសេសនៅក្នុងប្រទេសដែលក្រីក្រ។ គាត់អាចនឹងកាត់ជំនួយមួយជំនួយ ព្រោះថាគាត់ត្រូវស្តាប្រទេសអាមេរិក»។

ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គឺលោកស្រី ចក់ សុភាព ដែលបានចូលរួមក្នុងកម្មវិធីនៅស្ថានទូតដែរ បាននិយាយថា លោកស្រីចង់ឲ្យលោកស្រី ហ៊ីលឡារី គ្លីនតុន ឈ្នះនៅក្នុងការបោះឆ្នោតនេះដោយសារលោកស្រី គ្លីនតុន ជាស្ត្រី។

លោកស្រី ក៏បានបន្តផងដែរថា ប្រសិនបើឈ្នះឆ្នោតនោះលោកស្រី គ្លីនតុន នឹងបន្តធ្វើការងារបន្តពីលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលមកពីគណបក្សប្រជាធិបតេយ្យ។

បន្ទាប់ពីការចេញលទ្ធផលបោះឆ្នោត លោកស្រីបានសរសេរនៅលើគេហទំព័រសង្គមរបស់លោកស្រីថា៖

«លទ្ធផលនៃការបោះឆ្នោតរបស់សហរដ្ឋអាមេរិកថ្ងៃនេះ បានធ្វើឱ្យពលរដ្ឋជាច្រើនមានការភ្ញាក់ផ្អើល និងខកចិត្តផងដែរ ជាពិសេសសម្រាប់អ្នកទាំងឡាយដែលចង់ឃើញស្ត្រីនឹងក្លាយជាប្រធានាធិបតីដំបូងក្នុងប្រវត្តិសាស្ត្រអាមេរិក»។

លោកស្រីបានបន្ថែមថា ថ្វីបើឋិតក្នុងស្ថានការណ៍ ដែលពោរពេញដោយការភ្ញាក់ផ្អើល ភាពតានតឹង និងខកចិត្តយ៉ាងណាក៏ដោយ ប្រទេសកម្ពុជាអាចរៀន និងដកពិសោធន៍ពីប្រព័ន្ធបោះឆ្នោតនៅសហរដ្ឋអាមេរិកដែលបេក្ខជនគ្រប់រូបអាចប្រកួតប្រជែងដោយស្មើភាពគ្នាដោយសេរី និងយុត្តិធម៌។

លោកស្រីចក់សុភាពបន្ថែមថា លោកស្រីចង់ឃើញប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកគោរពនូវកាតព្វកិច្ចរបស់ខ្លួនក្នុងការគោរពសិទ្ធមនុស្ស ហើយសហរដ្ឋអាមេរិកនឹងបន្តតួនាទីជាប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងការដើរតួជាអ្នកលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងពិភពលោក៕

ប្រភព៖ voa

ពលរដ្ឋ​ជាង​៥០គ្រួសារ ចង់ស្រែកយំ​ ខណៈ​ក្រុមហ៊ុន​សុខាអូរតែលបូកគោ គ្រប់គ្រង​ដោយ​លោក​(សុខ​ គង់​)ហាមដាច់ខាត​ ដាំដុុះ​លើដីខ្លួនឯ​ង​

$
0
0

ខេត្តកំពត៖ មន្ត្រីបរិស្ថាន និងសន្តិសុខក្រុមហ៊ុនសុខាអូតែលបូកគោ បានយកអំណាចសិទ្ធិរបស់ខ្លួនគាប់សង្កត់មន្ត្រីបរិស្ថានបំរើផលប្រយោជន៍ក្រុមហ៊ុន មករំលោភយកដីប្រជាពលរដ្ឋជាង៥០គ្រួសារ ដែលអាស្រ័យផលជាក់ស្តែង នៅតំបន់វាលពួច ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។ ប្រជាពលរដ្ឋម្នាក់ បានអះអាងថា ពួកគាត់បានអាស្រ័យផលនិង កាន់កាប់ដីនេះ តាំងពីឆ្នាំ១៩៨៧.និងឆ្នាំ១៩៩០មកម្លេះ មុនបង្កើតក្រុមហ៊ុនសុខាអូរតែលបូកគោនោះទៀតឯណោះ ។

ពលរដ្ឋបានបន្តថា ពួកគាត់មានដីនៅតំបន់នេះក្នុងម្នាក់ៗបន្តិចបន្តួច គ្រាន់អាស្រ័យផល ដាំដំណាំ ចេក ពោត ស្រូវ ទៀបបារាំង ស្វាយជាដើម គ្រាន់ ចិញ្ចឹមជីវិតតែប៉ុណ្ណោះ ក៏ប៉ុន្តែមន្ត្រីបរិស្ថាន និងសន្តិសុខរបស់ក្រុមហ៊ុន សុខាអូតែបូកគោ ដែលមានលោកឧកញ៉ា (សុខ គង់) ជាប្រធានក្រុមហ៊ុននោះ បានប្រើប្រាស់អំណាចរបស់ខ្លួន បញ្ជារ កម្លាំងសន្តិសុខនិងមន្ត្រីបរិស្ថានខេត្ត ដែលមានលោក ស៊ុយ ធា ជាប្រធានមន្ទីរបរិស្ថាន និងលោកអ៊ុក ចាន់ឌីណា ជាអនុប្រធានមន្ទីរ និងជានាយកឧទ្យាននុរក្សព្រះមុនីវង្ស ហាមឃាត់ប្រជាពលរដ្ឋជាង៥០គ្រួសារ មិនឲ្យដាំដំណាំលើដីរបស់ខ្លួនទាំងនោះឡើយ។ប្រជាពលរដ្ឋបានអះអាងថា ដីរបស់ពួកគាត់ឋិតនៅជើងភ្នំមិនមែន នៅលើកំពូលភ្នំដូចតំបន់ទឹកឈូនោះទេ។

ដោយសាររងនៅភាពអយុត្តិធម៌នេះហើយ ទើបប្រជាពលរដ្ឋបានស្នើសុំកិច្ចអន្តរាគមន៍ពី ឯកឧត្តម ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត ជាមួយគ្នានេះដែរសាលាខេត្តក៏បានចេញ .ស .ជ .ណ .នៅថ្ងទី២៩ខែមេសាឆ្នាំ២០១៦ដែលបានចុះហត្ថលេខាដោយឯកឧត្តផ្ទាល់ ឲ្យមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណងនិងសូរិយោដីចុះអនុវត្តន៍ធ្វើ ការវាស់វែងជូនប្រជាពលរដ្ឋដែលសេសសល់បន្ទាប់ពី០០១ដែលជាគោលនយោលបាយដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ប៉ុន្តែផ្ទុយទៅវិញ រហូតមកដល់ពេលនេះហើយ គ្មានមន្ត្រីណាយកចិត្តទុកដាក់អនុវត្តន៍តាម ស ជ ណ របស់សាលាខេត្តនោះឡើយ។

ម្យ៉ាងទៀត ការអនុវត្តរបស់មន្ត្រីជំនាញនិងមន្ត្រីបរិស្ថានទាំងនោះ បានត្រឹមតែ ធ្វើការដោះដូរដីចំនួន៥៩ហិកតា ដែលកាន់កាប់ដោយប្រជាពលរដ្ឋ ចំនួន២១គ្រួសារ លើក្បាលដីចំនួន២៦ក្បាលដី ឋិតនៅទីតាំងវាយកូនហ្គោ របស់ក្រុមហ៊ុនសុខាអូរតែលបូកគោ ដែលស្ថិតក្នុង ភូមិព្រែកចេកនិងភូមិគីឡលូ១២ ឃុំកោះតូច ស្រុកទឹកឈូ យកមកត្រួតលើដីរបស់ប្រជាពលរដ្ឋ ដែលអាស្រ័យផលជាក់ស្តែង នៅតំបន់វាលពួច ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូកស្រុកទឹកឈូ ខេត្តកំពតនេះទៅវិញ។

ខណៈពេលនេះដែរប្រជាពលរដ្ឋបានមានប្រសាសថា កាលពីឆ្នាំ២០១៣ មន្ទីរបរិស្ថាន បានហាមឃាត់ប្រជាពលរដ្ឋនិងគំរាមតាមអំណាចតុលាកា មិនឲ្យប្រជាពលរដ្ឋអាស្រ័យផលលើដីទាំងនេះទេ ហើយយកលេសថា ជាដីព្រៃរបស់រដ្ឋឋិតក្នុង តំបន់ឧទ្យាជាតិ។ ពលរដ្ឋបានលើកឡើងថា ក្រុមមន្ត្រីបរិស្ថានទាំងនោះអនុវត្តច្បាប់លំអៀង រៀបចំជាប្រព័ទ្ធប្រព្រឹត្តអំពើពុករលួយ កៀបសង្កត់ប្រជាពលរដ្ឋដែលមានដីអាស្រ័យផលនៅតំបន់វាលពួច។ ចំពោះដីផ្សេងទៀត នៅលើជួរដងភ្នំជាប់ផ្លូវឡើងលើភ្នំកំចាយ តំបន់ទឹកឈូនោះវិញ បែជាបណ្តែតបណ្តោយឲ្យប្រជាពលរដ្ឋ អ្នកមានលុយមានអំណាចមួយចំនួន កាប់ព្រៃភ្នំទន្រានដាំដំណាំ ចេក ខ្នុល ស្វាយ ពោត ធូរេន ដល់លើជិតកំពូលភ្នំទៅហើយ មិនដែលឃើញមានមន្ត្រីបរិស្ថាននិងសន្តិសុខក្រុមហ៊ុនសុខាអូរតែលបូកគោ ទាំងនោះហាមឃាត់ម្តងណាឡើយ។

ពលរដ្ឋបានបន្តថា ចំពោះដីដែលមន្ត្រីបរិស្ថាន និងក្រុមហ៊ុនដកហូតពីពួកគាត់ដាក់ចូលក្នុងឧទ្យានជាតិធ្វើជាសម្បត្តិរដ្ឋនោះ ពួកគាត់មិនជំទាស់ទេ ក៏ប៉ុន្តែផ្ទុយទៅវិញក្រុមហ៊ុននិងមន្ត្រីបរិស្ថានទាំងនោះ បែជាយកដីរបស់ពួកគាត់ដោះដូរទៅឲ្រប្រជាពលរដ្ឋដូចគ្នា ធ្វើឲ្យពលរដ្ឋម្ខាំងសប្បាយចិត្ត និងពលរដ្ឋម្ខាំងទៀតកើតទុក្ខទឹកភ្នែកហើយបាត់បង់ដីខ្លួនទៀត តើគោលនយោបាលដោះស្រាយដីឲ្យប្រជាពលរដ្ឋនៅត្រង់ណា បើមន្ត្រីទាំងនោះគ្មានឆន្ទះក្នុងការដោះស្រាយ ហើយបែជាមកជិះជាន់ប្រជាពលរដ្ឋនិងពលរដ្ឋទៅវិញ។

ចំពោះការផ្លាស់ប្តូទីតាំងដីរបស់ប្រជាពលរដ្ឋ ពីឃុំកោះតូច មកឃុំបឹងទូកនេះ បានធ្វើឲ្យប្រជាពលរដ្ឋជាម្ចាស់ដីអាស្រ័យផលជាក់ស្តែង នៅតំបន់វាលពួចទាំងអស់ កើតទុក្ខ មិនសុខចិត្ត នឹងលើកគ្នាតវ៉ា សូមសុំណូពរ អំពាវនាវដល់ ស្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកតិព្រឹទ្ធបណ្ឌិត ប៊ុន រានី ឲ្យជួយអន្តរាគមន៍យើងខ្ញុំជាប្រជាពលរដ្ឋជាង៥០គ្រួសារនេះផង។

ក្នុងការចោទប្រកាន់នេះដែរ លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថាត បានមានប្រសាសន៍ប្រាបអ្នកសារព័ត៍មានVD7NEWS ថា រូបគាត់ធ្វើដើម្បីផលប្រយោជន៍ឲ្យប្រជាពលរដ្ឋទាំងអស់ បើពួកគាត់មានដីមានដំណាំជាក់ស្តែងនោះគាត់នឹងផ្តល់កម្មសិទ្ធជួនពួកគាត់។ ប្រជាពលរដ្ឋលើកឡើងតបវិញថា ចំពោះការលើកឡើងរបស់ប្រធានមន្ទីរនោះគឺយករួចខ្លួនមិនតែប៉ុណ្ណោះ ត្រង់ចំណុចដែលមន្ត្រីរបស់ខ្លួនកន្លងមក បានកាប់បំផ្លាញដំណាំរបស់ពួកគាត់និងហាមឃាត់មិនឲ្យគាត់អាស្រ័យផលនោះគាត់មិនលើកឡើងទេ។
តែទោះជាប្រធានមន្ទីរនិងមន្ត្រីទាំងនោះបកស្រាយយ៉ាងណាក៏ប្រជាពលរដ្ឋមិនទទួលយកដែរ ព្រោះវាយផ្ទុយពីការពិត៕

លោកតាម្ចាស់ដី

ប្រភព៖ vd7news

ចាប់បានហើយ​ !! ចោរឆក់​កាបូបចូល​កាមេរ៉ា​សុវត្ថិភាព​ ផ្អើល​ពេញ​ Facebookនោះ

$
0
0

ភ្នំពេញ៖ បន្ទាប់ពីឆក់កាបូបពីនារីម្នាក់មិនបានប៉ុន្មានថ្ងៃផងត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានតាមស្រាវជ្រាវរហូតតាមចាប់ខ្លួន ជនសង្ស័យម្នាក់ និងកំពុងស្វែងរកបក្ខពួកម្នាក់ទៀត ក្រោយពីបានធ្វើសកម្មភាព ឆក់កាបូបដៃស្រ្ដីម្នាក់មិនបានសម្រេចកាលពីថ្ងៃទី០៧ ខែវិចិ្ឆកា ឆ្នាំ២០១៦នៅចំណុចក្បែរផ្សារ TK ទួលគោកមុខផ្ទះលេខ០៩ ផ្លូវ៣១៥ ក្រុម ៣២ ភូមិ ៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធាណីភ្នំពេញ។

ជនសង្ស័យរូបនេះត្រូវបានកម្លាំងនគរបាលជំនាញ បញ្ជូនទៅកាន់តុលាការនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ហើយករណីនេះបានធ្វើឲ្យមានចាប់អារម្មណ៍យ៉ាងពីសំណាក់ ប្រជាពលរដ្ឋនៅតាមបណ្តាញ Facebook ពីព្រោះមាន Video ដែលបង្ហាញពីសកម្មភាពឆក់កាបូប។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហួរ វណ្ណឌី ហៅណាប់ អាយុ២៣ ឆ្នាំ ហើយបានដកហូតម៉ូតូ០១គ្រឿងម៉ាក ស៊ុយហ្សុយគីនិច ពណ៌ត្រួយចេក គ្មានស្លាកលេខ។ ជនសង្ស័យត្រូវបានចាប់ខ្លួននៅចំណុចមុខផ្ទះលេងហ្គេម ផ្លូវរថភ្លើង កែងផ្លូវk៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមចម្លើយសារភាពជនសង្ស័យខាងលើ ខ្លួនពិតជាមានការពាក់ព័ទ្ធ និងករណី អំពើលួច (ឆក់កាបូបដៃ) មិនបានសម្រេចនៅចំណុតខាងលើ ជាមួយនិងបក្ខពួកម្នាក់ទៀត៕
fb_img_1478690089087 img_20161109_182052

ប្រភព៖ vd7news

ជនរងគ្រោះ​ម្នាក់​ទៀត ក្នុង​ករណី​បាញ់ប្រហារ នៅ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាក​សំណល់​សង្គ្រាម គឺជា​ស្នេហ៍​របស់​ជនដៃដល់ និង​ជនរងគ្រោះ​, ស្លាប់​ក្រោយ​ពេល​បញ្ជូន​ដល់​ពេទ្យ​ ​

$
0
0

ភ្នំពេញ ៖ ជនរងគ្រោះម្នាក់ទៀត ដោយសារការបាញ់ប្រហារ នៅក្នុងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម គឺជាស្រីស្នេហ៍របស់ជនដៃដល់ និងជនរងគ្រោះ ហើយបានស្លាប់ ក្រោយពេល បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

សមត្ថកិច្ចម្នាក់បានលួចបង្ហើបថា មូលហេតុដែលនាំឲ្យមានការបាញ់ប្រហារនេះ ក៏ដោយសារតែ ជនដៃដល់ កាលពីយប់មិញ បានបបួលនារីជាស្រីស្នេហ៍ទៅក្រៅ ប៉ុន្តែនាងមិនទៅ ពីព្រោះជាប់នៅជាមួយជនរងគ្រោះ ដែលជាមន្ត្រីយោធាផ្កាយ២ ទើបឈានទៅដល់ការឈ្លោះគ្នា ហើយបាញ់ប្រហារតែម្តង។

ក្រោយបាញ់ជនរងគ្រោះទាំង២នាក់ហើយ ជនដៃដល់បានបាញ់សម្លាប់ខ្លួនឯងផងដែរ។

សូមបញ្ជាក់ថា មានករណីបាញ់ប្រហារមួយបានកើតឡើង នៅក្នុងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោស សំអាតមីន និងកាកសំណល់សង្គ្រាម ដែលមានទីតាំង នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានបណ្តាលឲ្យ ស្លាប់មន្ត្រីយោធាម្នាក់ ថ្នាក់ឧត្តមសេនីយ៍ទោទៀតផង និងរបួសម្នាក់ តែក្រោយមកបានស្លាប់ ដែលបណ្តាលមកពីរឿង ស្នេហា នៅវេលាម៉ោងជាង១០ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថ លើផ្ទៃប្រទេស បានអោយដឹងថា ជនដៃដល់មានឈ្មោះ សែន រដ្ឋា ថ្នាក់អនុសេនីយ៍ បានបាញ់ លោកឧត្តមសេនៅយ៍ទោ អ៊ុំ សុធា ប្រធាននាយកដ្ឋានធនធានមនុស្ស បណ្តាលឲ្យស្លាប់ ដោយផ្តើមចេញពីរឿង ស្នេហា ៕

14938168_579363178923203_2752514431772563266_n 15027737_579363158923205_4225458780852858234_n-768x576 15056296_579363165589871_7206304121690127088_n-768x576

ប្រភព៖ sensoknews

ជនដៃដល់ដែលបាញ់ ប្រហារលោកឧត្តមសេនីយ៍ទោ អ៊ុំ សុធា ពេលនេះក៏បានស្លាប់ផងដែរ

$
0
0

ជនដៃដល់ដែលបានបាញ់ប្រហារ លោកឧត្តមសេនីយ៍ទោ អ៊ុំ សុធា នោះក៏បានបាញ់សម្លាប់ខ្លួនឯងផងដែរ។សូមបញ្ជាក់ថា មានករណីបាញ់ប្រហារមួយបានកើតឡើង នៅក្នុងមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ដែលមានទីតាំង នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានបណ្តាលឲ្យស្លាប់មន្រ្តីយោធាម្នាក់ ថ្នាក់ឧត្តមសេនីយ៍ទោទៀតផង និងរបួសម្នាក់ ដែលបណ្តាលមកពីរឿង ស្នេហា នៅវេលាម៉ោងជាង១០ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថ លើផ្ទៃប្រទេស បានអោយដឹងថា ជនដៃដល់មានឈ្មោះ សែន រដ្ឋា ថ្នាក់អនុសេនីយ៍ បានបាញ់ លោកឧត្តមសេនីយ៍ទោ អ៊ុំ សុធា ប្រធាននាយកដ្ឋានធនធានមនុស្ស បណ្តាលឲ្យស្លាប់ និងម្នាក់ទៀត របួស ដោយផ្តើម ចេញពីរឿង ស្នេហា។

នៅពេលនេះ កម្លាំងអាវុធហត្ថក្រោមការដឹកនាំដោយ លោកឧត្តមសេនីយ៍ រ័ត្ន ស៊្រាង មេបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញ កំពុងអន្តរាគន៍ នៅកន្លែងកើតហេតុ៕

ប្រភព៖ chnchannel

វៀតណាម​នៅ​តែ​បន្ត​ជួល​ដី​ខ្មែរ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ក្នុង​ខេត្ត​តាកែវ

$
0
0

ប្រជាពលរដ្ឋដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម រិះគន់គោលនយោបាយរបស់រដ្ឋាភិបាល ដែលហាមមិនឲ្យពលរដ្ឋខ្មែរជួលដីឲ្យទៅប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម ធ្វើស្រែចម្ការនោះថា គឺពុំមានប្រសិទ្ធភាពទេ។ ជុំវិញរឿងនេះ រដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ធ្លាប់ព្រមានម្ដងរួចមកហើយ ដោយហាមមិនឲ្យពលរដ្ឋរស់នៅតាមព្រំដែន ជួលដីបន្តឲ្យប្រទេសជិតខាងប្រកបអាជីវកម្មទេ។

សកម្មភាពនៃការជួលដីធ្វើស្រែ និងជួលដីសម្រាប់នេសាទក្នុងរដូវវស្សាដោយពលរដ្ឋវៀតណាម តាមខ្សែបន្ទាត់ព្រំដែនក្នុងឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ នៅតែបន្តកើតមានមិនឈប់ឈរឡើយ។

ការរិះគន់ពីពលរដ្ឋនេះ ក្រោយពេលរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ហាមមិនឲ្យពលរដ្ឋជួលដីនៅតាមព្រំដែនកម្ពុជា-ឡាវ កម្ពុជា-វៀតណាម និងកម្ពុជា-ថៃ តទៅទៀត។

បើទោះជាបម្រាមដែលរដ្ឋាភិបាល បានប្រកាសហើយនេះ ដាក់ឲ្យដំណើរការក៏ដោយចុះ ពលរដ្ឋដែលរស់នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកបូរីជលសារ ខេត្តតាកែវ ថ្លែងសុំមិនបញ្ចេញឈ្មោះបានរិះគន់ថា សារនយោបាយរបស់រដ្ឋាភិបាលនេះ មើលទៅហាក់ពុំមានប្រសិទ្ធភាពសោះឡើយ។ ពួកគេបន្តថា វៀតណាមបានបន្តហូរចូលគ្រប់រដូវកាលទាំងប្រាំង និងខែវស្សា។ ជាងនេះទៀត ដីដែលដាក់ឲ្យពលរដ្ឋវៀតណាម ជួលនេះ គឺភាគច្រើនជាដីរបស់ឧកញ៉ា ឬមន្ត្រីយោធា និងនគរបាលព្រំដែនជាដើម ដែលមានទំហំដីរាប់ពាន់ហិកតារ៖ «ដល់ឥឡូវក្រសួងមហាផ្ទៃ និយាយបាន ប៉ុន្តែក្រសួងមហាផ្ទៃ ចាត់វិធានការមិនបាន។ បើធ្វើមិនបានសុខចិត្តកុំនិយាយ។ ដូចសៃយ៉ឺននៅក្នុងឃុំកំពង់ក្រសាំង សុទ្ធតែរបស់យួនទាំងអស់។ ចាប់ពីភូមិចេញទៅចម្ងាយប្រហែលជា ២០០ម៉ែត្រ ហ្នឹងប្រជាជនយើងធ្វើ។ បើចូលទៅជ្រៅៗ សុទ្ធតែប្រជាជនវៀតណាម ធ្វើ។ នៅតាមប្រឡាយសេកយំ និងប្រឡាយ ០៩ ជាដើម គឺសុទ្ធតែយួនទាំងអស់»។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋាភិបាលបានចេញគោលនយោបាយ ដោយហាមមិនឲ្យពលរដ្ឋរបស់ខ្លួនជួលដីឲ្យប្រទេសជិតខាងតទៅទៀតទេ ស្របពេលក្រសួងមហាផ្ទៃ ក៏បានដាក់ចេញបម្រាមដូចគ្នានេះដែរ។ វិធានការដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា នោះគឺតម្រូវឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ក្រុង ឃុំសង្កាត់ដែលនៅជាប់ព្រំដែន ត្រូវចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់។

ផ្ទុយពីសេចក្ដីប្រកាសរបស់រដ្ឋាភិបាលនេះ ពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ លើកឡើងថា ពលរដ្ឋវៀតណាម ស្ទើរ ៩៥ភាគរយ បានបន្តជួលដីស្រែក្នុងរដូវប្រាំង និងឡូត៍នេសាទ ក្នុងរដូវវស្សាមិនដាច់ទេ។ មកដល់ពេលនេះតួលេខជាផ្លូវការណាមួយជុំវិញតម្លៃនៃការជួលដីខ្មែរធ្វើស្រែនេះ មិនត្រូវបានអាជ្ញាធរបញ្ជាក់ឲ្យដឹងជាផ្លូវការទេ។ ក៏ប៉ុន្តែពលរដ្ឋនិយាយថា ជាទម្លាប់នៃការជួលនេះ គឺគេតែងធ្វើក្នុងតម្លៃចន្លោះស្រូវពី ១តោនកន្លះ ទៅ ២តោនប្រមាណ ១,៣០លានរៀល។

ជុំវិញរឿងនេះ លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ឲ្យដឹងថា អាជ្ញាធរបានចុះអប់រំជាហូរហែរួចមកហើយ មិនឲ្យពលរដ្ឋជួលដីឲ្យបរទេសធ្វើស្រែទេ ប៉ុន្តែបញ្ហានេះនៅតែបន្តកើតឡើងទៀត។

លោកបន្តថា សំខាន់កម្ពុជា ពុំទាន់មានច្បាប់ត្រូវចាប់ចង ឬដាក់ទោសទណ្ឌប្រឆាំងអ្នកដែលជួលដីនេះនៅឡើយ ក្រៅពីពលរដ្ឋគ្រប់រូប ត្រូវមានភក្ដីភាពចំពោះទឹកដីដោយខ្លួនឯងប៉ុណ្ណោះ៖ «គាត់យល់ខ្លួនគាត់បានល្អជាង ចំពោះវិធានការច្បាប់ គឺយើងមិនអាចចាប់ចង ឬប្ដឹងគាត់ទៅតុលាការបានទេ។ មានច្បាប់ណាទៅចាប់ចងគាត់បាន»។

លោកបណ្ឌិត កែម ឡី មុនឃាតកបាញ់ប្រហារបានលើកឡើងថា ការបន្តជួលដីឲ្យបរទេសធ្វើអាជីវកម្មនេះ វានឹងក្លាយទៅជាដីខ្មែរស្រែវៀតណាម ដីខ្មែរ ស្រែឡាវ និងដីខ្មែរ ស្រែថៃ។ ពេលនេះ ប្រសិនបើគេធ្វើដំណើរតាមទូក កាត់ស្រុកបូរីជលសារ ខេត្តតាកែវ គេនឹងឃើញទូកនេសាទវៀតណាម ព្រោងព្រាតបណ្ដែតនៅលើផ្ទៃទឹក។ ប៉ុន្តែបើគេធ្វើដំណើរនៅរដូវប្រាំងវិញ គេនឹងឃើញនៅតាមវាលស្រែមានសន្ទូងខៀវខ្ចីដាច់កន្ទុយភ្នែក ដែលពលរដ្ឋវៀតណាម ជួលពីពលរដ្ឋខ្មែរធ្វើរាប់ពាន់ហិកតារគ្រប់រដូវកាល៕

ប្រភព៖ rfa


ពលរដ្ឋ​នៅ​អគារ​ប៊ុលឌិង​នៅ​តែ​បារម្ភ​ទោះបី​រដ្ឋមន្ត្រី​ធានា

$
0
0

ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានពង្រីកកិច្ចខិតខំប្រឹងប្រែងសប្បុរសមួយទៅដល់ប្រជាជនដែលកំពុងរស់នៅក្នុងអគារប៊ុលឌីងកាលពីម្សិលមិញ ប៉ុន្តែប្រជាជននៅអគារប៊ុលឌីងនៅតែមានក្តីបារម្ភអំពីសំណើអភិវឌ្ឍអគារចាស់ទ្រុឌទ្រោមនេះ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយពាក្យចចាមអារ៉ាមនៃការអភិវឌ្ឍឡើងវិញ និងគម្រោងជួសជុលឡើងវិញសម្រាប់អគារប៊ុលឌីងត្រូវបានលើកឡើងប៉ុន្តែលោក សុផារ៉ា បានប្រកាសជាផ្លូវការអំពីបំណងវាយអគារនេះចោលកាលពីចុងខែមុន។

ប្រជាជនចំនួន ៥៥៤ គ្រួសារបានចូលរួមកិច្ចប្រជុំនៅក្រសួងគ្រប់គ្រងដែនដី នគរូបនីយកម្ម និងសំណង់កាលពីម្សិលមិញដើម្បីស្តាប់អំពីសំណើផ្តល់ឲ្យរបស់លោក សុផារ៉ា នៃសំណងដែលលោកគ្រោងចន្លោះពី ៦ ម៉ឺន ទៅ ៧ ម៉ឺនដុល្លារជាថ្នូរនឹងការទទួលបានសិទ្ធិជាម្ចាស់ ឬផ្ទះថ្មីនៅលើអគារចាស់ក្នុងរយៈពេលបីទៅបួនឆ្នាំខាងមុខទៀត។

លោក ជា សុផារ៉ា បានមានប្រសាសន៍ថា៖ «ប្រសិនបើអ្នកចង់វិនិយោគលុយរបស់អ្នក អ្នកអាចស្នាក់នៅបណ្តោះអាសន្ននៅសង្កាត់ទឹកថ្លា [ខណ្ឌសែនសុខ] រយៈពេលបី ឬបួនឆ្នាំហើយបន្ទាប់មកត្រឡប់មករស់នៅកន្លែងចាស់របស់អ្នកវិញហើយតម្លៃផ្ទះរបស់អ្នកអាចឡើងដល់ ៣០ ម៉ឺនដុល្លារ»។

លោក សឿង សារ៉ន នាយកស្តីទីនៃសមាគមធាងត្នោតដែលធ្វើការងារជាមួយប្រជាជននៅអគារប៊ុលឌីងដែលមិនត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញបាននិយាយថាសំណើរបស់លោក ជា សុផារ៉ា គឺអាចទទួលយកបានចំពោះពលរដ្ឋប្រសិនបើវាត្រូវបានធ្វើឡើងនៅក្នុងលក្ខណៈតម្លាភាព និងទទួលខុសត្រូវប៉ុន្តែលោកថាប្រជាជនជាច្រើនមិនចាប់អារម្មណ៍នឹងសំណងជាប្រាក់នោះទេ។

លោក សឿង សារ៉ន បាននិយាយថា៖ «ពួកគេចង់ទុកអគារប៊ុលឌីង ឬចង់ឲ្យមានការអភិវឌ្ឍនៅនឹងកន្លែងនោះ»។

លោកបានបន្ថែមថា «[សង្គមស៊ីវិល] ចង់ឲ្យព័ត៌មានត្រូវបានបង្ហាញទៅសាធារណៈដើម្បីដឹងថាតើអគារនេះនឹងត្រូវអភិវឌ្ឍដូចម្តេច?»។

ប្រជាពលរដ្ឋម្នាក់បានក្រោកឈរសម្ដែងក្តីបារម្ភខ្លាចថាគម្រោងនេះនឹងមិនអាចចប់ដំណើរការហើយទុកឲ្យប្រជាពលរដ្ឋជាប់នៅក្នុងភាពរស់នៅក្នុងសង្កាត់ទឹកថ្លាយ៉ាងគ្មានភាពច្បាស់លាស់។

អ្នកស្រីបានថ្លែងថា៖ «យើងទាំងអស់គ្នាបារម្ភថាក្រុមហ៊ុននឹងក្ស័យធនហើយយើងបារម្ភថាឯកឧត្តម ជា សុផារ៉ា នឹងត្រូវតែងតាំងទៅតំណែងថ្មីផ្សេងទៀត [នៅក្នុងរដ្ឋាភិបាល] ដែលអាចនឹងបង្កទៅជាបញ្ហាលំបាក»។

6-meeting_1

លោក ជា សុផារ៉ា បានបញ្ជាក់ថា៖ «ខ្ញុំបញ្ជាក់ទៅអ្នកទាំងអស់គ្នាថាខ្ញុំនឹងមិនរត់គេចទេ»។

លោក Alex Yasumoto អគ្គនាយកនៃក្រុមហ៊ុន Arakawa ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍របស់ជប៉ុនដែលបានមកវិនិយោគគម្រោងនេះបានថ្លែងថាវាគឺជាការផ្តល់កម្ចីមួយពីធនាគារហុងកុងសម្រាប់ទឹកប្រាក់ ៧០ លានដុល្លារអាមេរិកជាការបង្ហាញអំពីជំហរល្អរបស់ក្រុមហ៊ុនលោកក្នុងការវិនិយោគនេះ។

លោក ជា សុផារ៉ា ក៏បានសន្យាផងដែរថាប្រសិនបើមានតែ ៥៤ គ្រួសារក្នុងចំណោម ៥៥៤ គ្រួសារដែលមានវត្តមានមិនចង់ឲ្យគម្រោងនេះទៅមុខវានឹងមិនភ័យខ្លាចថានឹងមានការបង្កការតវ៉ាសាធារណៈទេ។

យ៉ាងណាក៏ដោយលោក សុផារ៉ា បានមានប្រសាសន៍ថា៖ «ហេតុអ្វី? ពីព្រោះខ្ញុំភ័យខ្លាចថាវានឹងមើលទៅដូចបុរីកីឡា ឬបឹងកក់វានឹងប៉ះពាល់ក្រុមហ៊ុនហើយងាប់ខ្ញុំ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ក្រសួង​អប់រំ​​និង​ស្ថានទូត​អង់គ្លេស​ជំរុញ​ការ​ស្វែង​យល់​ផ្នែក​វិទ្យាសាស្ត្រ​

$
0
0

យោងតាមស្ថិតិផ្តល់ដោយក្រសួងអប់រំ យុវជន និងកីឡា ចំនួនសិស្សដែលជ្រើសរើសជំនាញវិស្វកម្មនៃផ្នែកវិទ្យាសាស្ត្រគឺមានតែ៣ភាគរយប៉ុណ្ណោះ ធៀបនឹងចំនួនសិស្សជ្រើសរើសផ្នែកគ្រប់គ្រងជំនួញដែលមានចំនួនដល់ទៅ៤៥ភាគរយ។

ភ្នំពេញ —អ្នកវិទ្យាសាស្ត្រវ័យកុមារកម្ពុជាចំនួនបួនរូប បានធ្វើការបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវរបស់ពួកគេអំពីការពិសោធទឹកភេសជ្ជៈដែលអាចប៉ះពាល់ដល់សុខភាព វិធីចម្រោះទឹកស្អាត និងការបង្កើតវីដេអូហ្គេមក្នុងកម្មវិធីដាក់ឲ្យដំណើរការមជ្ឈមណ្ឌល STEM (STEM HUB) និងផ្សព្វផ្សាយទស្សនាវដ្ដីហៅថា «អ្នកវិទ្យាសាស្ត្រតូច» ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃពុធកន្លងទៅ។

នេះជាផ្នែកមួយនៃការជំរុញឲ្យកុមារ និងយុវជនកម្ពុជាផ្តោតខ្លាំងបន្ថែមទៀតទៅលើកម្មវិធីអប់រំ ឈ្មោះថា សាលាជំនាន់ថ្មី ដែលផ្ដោតទៅលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលគេស្គាល់ថា STEM ។ សាលាជំនាន់ថ្មីដដែលនេះមានគោលបំណងជំរុញឲ្យមានអ្នកជំនាញខាងវិទ្យាសាស្ត្រច្រើនថែមទៀតនៅកម្ពុជា។

យោងតាមស្ថិតិផ្តល់ដោយក្រសួងអប់រំ យុវជន និងកីឡា ចំនួនសិស្សដែលជ្រើសរើសជំនាញវិស្វកម្មនៃផ្នែកវិទ្យាសាស្ត្រគឺមានតែ៣ភាគរយប៉ុណ្ណោះ ធៀបនឹងចំនួនសិស្សជ្រើសរើសផ្នែកគ្រប់គ្រងជំនួញដែលមានចំនួនដល់ទៅ៤៥ភាគរយ។

ក្រោយការបង្ហាញលទ្ធផលស្រាវជ្រាវដោយកុមារកម្ពុជា លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា មុខវិជ្ជាវិទ្យាសាស្ត្រនេះ បានទាក់ទាញការចាប់អារម្មណ៍ពីសិស្ស និងនិស្សិតនៅកម្ពុជាកាន់តែច្រើនឡើង។

លោកបញ្ជាក់ថា ការដាក់ឲ្យដំណើរការមជ្ឈមណ្ឌល STEM (STEM HUB) និងផ្សព្វផ្សាយទស្សនាវដ្តី«អ្នកវិទ្យាសាស្ត្រតូច»នឹងលើកទឹកចិត្តដល់យុវជនកម្ពុជា ឲ្យជ្រើសរើសយកមុខវិជ្ជាវិទ្យាសាស្ត្រ។

«ការបង្កើតឲ្យមាន STEM HUB ហើយនឹងទស្សនាវដ្តីនេះគឺនឹងជួយលើកទឹកចិត្តឲ្យយុវជនយើងហ្នឹងរៀននូវមុខវិជ្ជាវិទ្យាសាស្ត្រ»។

លោករដ្ឋមន្ត្រីក្រសួងអប់រំលើកឡើងបន្ថែមថា ចំនួនសិស្សកម្ពុជាដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា បានងាកមកចាប់យកការសិក្សាផ្នែកវិទ្យាសាស្ត្រនេះ ដែលជាតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍនាសតវត្សរ៍ទី២១នេះ។ លោកនិយាយថា ចំនួនសិស្សដែលចាប់យកមុខវិជ្ជាវិទ្យាសាស្ត្របានកើនឡើងប្រមាណពី៤០ទៅ៥០% ធៀបទៅនឹងរយៈពេលបីឆ្នាំមុន។

មជ្ឈមណ្ឌល STEM ឬ STEM HUB នឹងកា្លយជាមជ្ឈមណ្ឌលសម្រាប់ការរៀបចំព្រឹត្តិការណ៍ ដើម្បីការចែករំលែករឿងជោគជ័យនៃអ្នកអាជីពកម្ពុជា ដែលធ្វើការក្នុងផ្នែកផេ្សងៗមានជាប់ទាក់ទងនឹងសាលាជំនាន់ថ្មី ឬ STEM ដើម្បីញុំាងឲ្យយុវជនចូលរួមបន្ថែមក្នុងការស្រាវជ្រាវជំនាញនានា។

ការបង្កើតឡើងនៃកម្មវិធីអប់រំបែបទំនើប STEM នេះទទួលបានការគាំទ្រពីស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។

លោក Bill Longhurst ឯកអគ្គរាជទូតចក្រភពអង់គ្លេសនៅកម្ពុជា ថ្លែងក្នុងពិធីដាក់ឲ្យដំណើរការមជ្ឈមណ្ឌល STEM ថា គំលាតនៃការសិក្សាផ្នែកវិទ្យាសាស្ត្ររបស់សិស្សកម្ពុជានៅតែធំ ធៀបទៅនឹងជំនាញផ្នែកហិរញ្ញវត្ថុទូទៅ ដែលពួកគេរៀន ហើយភាគច្រើនផ្តោតលើជំនាញនៃការគ្រប់គ្រងជំនួញ។ លោកបន្តថា ស្ថានទូតចក្រភពអង់គ្លេសចង់លើកទឹកចិត្តឲ្យសិស្សកម្ពុជាងាកមករៀនជំនាញវិទ្យាសាស្ត្រ តាមការបើកឲ្យមានកម្មវិធី STEM នេះ។

«ប៉ុន្តែគោលដៅរបស់យើងគឺលើកទឹកចិត្តឲ្យអ្នកជំនាន់ក្រោយរបស់កម្ពុជា ជ្រើសរើសយកមុខវិជ្ជារបស់កម្មវិធីអប់រំ STEM នេះ។ ដើម្បីធ្វើដូចនេះបាន យើងបានធ្វើកិច្ចការជាច្រើន។ យើងបានណែនាំពីការបង្រៀនគណិតវិទ្យា និងវិធីសាស្ត្របង្រៀនគណិតវិទ្យានៅប្រទេសកម្ពុជា»។

លោកបានបន្តថា ស្ថានទូតបានរៀបចំឯកអគ្គរាជទូត STEM ឲ្យធ្វើដំណើរជុំវិញប្រទេស ជាមួយនឹងប្រជាជនកម្ពុជា ដែលបានចាប់យកជំនាញវិទ្យាសាស្ត្រនេះរួចទៅហើយ ដោយទៅជួបជជែកជាមួយសិស្សកម្រិតមធ្យមសិក្សា និងប្រាប់ពួកគេអំពីឱកាសដែលបានបង្កើត និងការសិក្សាស្រាវជ្រាវនានា ដែលបង្ហាញសិស្សកម្ពុជាអំពីអ្វីទៅដែលជាគន្លងនាំទៅរកការងារ ហើយរង្វាន់ជាសក្តានុពលអ្វីខ្លះដែលបានបើកឲ្យពួកគេ ប្រសិនបើពួកគេជ្រើសរើសយកមុខវិជ្ជារបស់កម្មវិធីអប់រំ STEM នេះ។

លោកបានបន្ថែមថា ឯកអគ្គរាជទូត STEM បានធ្វើដំណើរទៅកាន់សាលាមធ្យមសិក្សាជាច្រើន និងបានជួបសិស្សចំនួនប្រមាណជាង១០០០០នាក់ ជាលក្ខណៈបុគ្គល នៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។

អ្នកសិក្សាជំនាញវិទ្យាសាស្ត្រគឺលី និលរតន៍ វ័យ១៤ ឆ្នាំ ដែលបានទទួលការបណ្តុះបណ្តាលតាមកម្មវិធីអប់រំ STEM នេះ បានប្រាប់ VOA ថា ការសិក្សាជំនាញវិទ្យាសាស្ត្រនេះ មានការលំបាកមួយចំនួនដែរ តែដោយសារការដែលគ្រូបានបង្រៀនដិតដល់ និងផ្តល់ឲ្យមានការសួរដេញដោលបានច្រើននោះ ធ្វើឲ្យសិស្សងាយយល់ជំនាញដែលខ្លួនរៀន។

«ពិបាកចេះតែមានហើយ ប៉ុន្តែយើងមានគ្រូអញ្ចឹងថា សាលាគឺធ្វើការបានល្អមែនទែន… ក្នុងថ្នាក់ថា ធ្វើឲ្យយើងកុំខ្លាចអ្ហ៎ា ពេលដែលយើងមានសំណួរអី ធ្វើម៉េចសួរគាត់…ដូចថា សំណួរហ្នឹង អត់មានខុសអត់មានត្រូវទេ ព្រោះថា បើយើងសួរទៅ យើងអាចជួយសិស្សដទៃ ឬមួយក៏ជួយខ្លួនយើងបានកាន់តែច្រើន។ ការលំបាករបស់ខ្ញុំដូចជាមិនសូវមានអីផង គ្រាន់តែថា ខ្ញុំមកដំបូងអញ្ចឹង ខ្ញុំអត់ចេះអង់គ្លេស អញ្ចឹងទៅ យើងត្រូវតែប្រឹង ដល់ពេលហើយអត់មានអីផង»។

ការស្រាវជ្រាវពីប្រទេសអភិវឌ្ឍន៍បង្ហាញថា ការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាដែលគេស្គាល់ថា STEM Education នឹងជំរុញឲ្យមានការច្នៃប្រឌិតថ្មី ហើយផ្ដល់ផលប្រយោជន៍ដល់ការវិនិយោគទុន ការអភិវឌ្ឍ ទំនើបកម្ម និងការបង្កើតឲ្យមានអ្នកវិទ្យាសាស្ត្រជំនាន់ថ្មីក្នុងប្រទេស។

មជ្ឈមណ្ឌល STEM ដែលជាផ្នែកនៃការជំរុញឲ្យមានការសិក្សាផ្នែកវិទ្យាសាស្ត្រនឹងត្រូវចាប់ផ្តើមដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០១៦នេះ នៅក្នុងរាជធានីភ្នំពេញ។

កាលពីខែមិថុនាកន្លងទៅ ក្រសួងអប់រំបានបង្កើតកម្មវិធីសាលាជំនាន់ថ្មីនៅក្នុងវិទ្យាល័យព្រះ ស៊ីសុវត្ថិ ដើម្បីបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះឯកទេស STEM ដល់យុវជនកម្ពុជា។

សាលារៀនជំនាន់ថ្មីគឺជាកម្មវិធីដែលមានប្រព័ន្ធគ្រប់គ្រង និងការបណ្ដុះបណ្ដាលបែបទំនើប ដោយបំពាក់សម្ភារៈ និងកន្លែងពិសោធ ដល់សិស្សដែលរៀនមុខវិជ្ជា STEM៕

ប្រភព៖ VOA

កម្លាំងសមត្ថកិច្ចជាច្រើននាក់ កំពុងបន្តប្រតិបត្តិការ ស្វែងរកកីឡាករ អុំទូក២នាក់ ដែលបានបាត់ខ្លួន ក្រោយបុកជាមួយទូកទេសចរណ៍

$
0
0

(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោង ៩ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ជនរងគ្រោះ ដែលជាកីឡាករអុំទូក ២នាក់ នៅមិនទាន់រកឃើញនៅឡើយទេ ខណ:ដែលកម្លាំងសមត្ថកិច្ច ជាច្រើន បាននិងកំពុងចេញប្រតិបត្តិការ ស្វែងរក ក្រោយពេលទូក ង របស់ជនរងគ្រោះ បុកជាមួយ ទូកទេសចរណ៍ នៅមុខព្រះបរមរាជវាំង ពេលដែលកំពុងសណ្តោង យកមកអុំប្រណាំងសាកល្បងនៅព្រឹកនេះ។

អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ដែលកំពុងស្ថិតនៅកន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះ២នាក់ ក្នុងចំណោម៩នាក់ ដែលនៅលើទូក នៅមិនទាន់រកឃើញនៅឡើយទេ រហូតមកដល់ពេលនេះ ហើយនៅពេលនេះកម្លាំងប្រតិបត្តិការ បានចេញជួយស្វែងរកជាច្រើន អូប័រ។

សូមបញ្ជាក់ថា ទូក ង មកពីវត្តអម្ពវ័ន្ត ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មានឈ្មោះថា រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ ពេលសណ្តោងមក ប្រណាំងសាកល្បង នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្រាប់តែបុកជាមួយ ទូកទេសចរណ៍ បណ្តាលឲ្យលិច នៅមុខព្រះបរមរាជវាំង។

លោក គួច ចំរើន បានបញ្ជាក់ថា ពេលសណ្តោង មកប្រណាំង សាកល្បង ស្រាប់តែបុកជាមួយទូកទេសចរណ៍ បណ្តាលឲ្យលិច ហើយមានកីឡាក ដែលនៅលើទូកនោះចំនួន៩នាកល ហើយបាត់ខ្លួន២នាក់។

សូមបញ្ជាក់ថា ករណីលិចទូកនេះ បានកើតឡើង ស្របពេលដែលអភិបាលរាជធានីភ្នំពេញ បាននិងកំពុងដឹកនាំមន្រ្តី រៀបចំពិធីក្រុងពលី នៅរមនីយដ្ឋានវត្តភ្នំ ដើម្បីសុំសេចក្តីសុខ សម្រាប់ពិធីបុណ្យអុំទូក។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា អាជ្ញាធរមានវិធានការដូចម្តេចចំពោះទូកទេសចរណ៍ ដែលបង្កគ្រោះថ្នាក់នោះឡើយ៕

ប្រភព៖ freshnewsasia

អ្នក​ពាក់ព័ន្ធ​កាប់​គ្រញូង​ ៥ នាក់​ត្រូវ​ឃុំ​ខ្លួន

$
0
0

សៀមរាបៈ មន្ត្រីជាន់ខ្ពស់អាជ្ញាធរអប្សរា ២ រូប និងកម្មករបណ្តែត ៣ រូបទៀតត្រូវបានចោទប្រកាន់ពីបទ «ផ្តើមគំនិតប្រមូលអនុផលព្រៃឈើប្រភេទឈើចំណាត់ថ្នាក់ដែលមិនទាន់អនុញ្ញាត» និងត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកាលពីល្ងាចម្សិលមិញពាក់ព័ន្ធនឹងការកាប់ដើមគ្រញូងដែលជាទីសក្ការៈរបស់អ្នកភូមិនៅឧទ្យានអង្គរកាលពីចុងសប្តាហ៍មុន។

លោក រៀម ចន្ទម្នី មន្ត្រីអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាបបានឲ្យដឹងថាមនុស្សទាំង ៥ នាក់នោះត្រូវបានព្រះរាជអាជ្ញារង លោក ជួន សុបញ្ញា ចោទប្រកាន់ពីបទកាប់បំផ្លាញព្រៃឈើតាមមាត្រា ៩៨ នៃច្បាប់គ្រប់គ្រងព្រៃឈើហើយ ២ នាក់ក្នុងចំណោមពួកគេត្រូវបានចោទបន្ថែមពីបទផ្តើមគំនិតតាមមាត្រា ២៨ នៃក្រមព្រហ្មទណ្ឌ។ តាមមាត្រា ៩៨ នៃច្បាប់ព្រៃឈើជនដែលកាប់បំផ្លាញព្រៃឈើត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី ១ ឆ្នាំទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ១០ លានទៅ ១០០ លានរៀល។ ចំណែកអ្នកផ្តើមគំនិតតាមមាត្រា ២៨ នៃក្រមព្រហ្មទណ្ឌចែងថាអ្នកប្រព្រឹត្ត និងអ្នកផ្តើមគំនិតត្រូវទទួលទោសដូចគ្នា។ កាលពីព្រឹកថ្ងៃពុធមន្ត្រីជាន់ខ្ពស់ ២ រូបនៃអាជ្ញាធរអប្សរាគឺលោក ឈរ ថាណាត មានឋានៈជាអគ្គនាយករងនៃអាជ្ញាធរអប្សរាទទួលបន្ទុកផ្នែកព្រៃឈើ និងលោក ចេវ ផល ប្រធានការិយាល័យគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរអប្សរាត្រូវបានចាប់ខ្លួន។

លោក ទៀ គឹមសុទ្ធ ប្រធានខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានឲ្យដឹងថាក្រោយពេលសមត្ថកិច្ចសាកសួរលើឈ្មោះ ចេវ ផល រួចមកសមត្ថកិច្ចបានទៅចាប់មនុស្ស ៣ នាក់ទៀតដែលជាកម្មករបណ្តែតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរាត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃពុធ។ បើតាមលោក ទៀ គឹមសុទ្ធ មនុស្សទាំង ៣ នាក់ដែលត្រូវបានចាប់ខ្លួនពេលរសៀលមានឈ្មោះ ខាន់ ង៉ិក អាយុ ៤០ ឆ្នាំ និង ឈ្មោះ ទូច នេត្រា អាយុ ៤០ ឆ្នាំ ទាំង ២ នាក់ជាកម្មករបណ្តែតមានលំនៅក្នុងភូមិនគរក្រៅដែលជាភូមិកើតហេតុ។ ចំណែកជនទី ៣ មានឈ្មោះ ឡៃ ជាតិ អាយុ ៣២ ឆ្នាំមានតួនាទីជាអ្នកបើកបរ។

ការចាប់ខ្លួនជាបន្តបន្ទាប់នេះបានធ្វើឡើងក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឲ្យអភិបាលខេត្តសៀមរាបលោក ឃឹម ប៊ុនសុង ចាប់ខ្លួនភ្លាមៗអ្នកដែលពាក់ព័ន្ធក្នុងការកាប់ផ្តួលដើមគ្រញូងដែលជាទីសក្ការៈរបស់អ្នកភូមិ។

លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានឲ្យដឹងថាជនទាំង ៥ នាក់ត្រូវបានលោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាបសាកសួរ។ នៅវេលាម៉ោង ៦ កន្លះល្ងាចម្សិលមិញលោក ភឹង ចន្តារ៉េត ស្នងការរងខេត្តទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថាមនុស្សទាំង ៥នាក់ត្រូវបានចៅក្រមសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត។

លោក នូ ពុទ្ធិ អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តសៀមរាបថ្លែងថាតាមពិតទៅគួរតែមន្ត្រីធំ ២ នាក់ទេដែលជាអ្នកទទួលខុសត្រូវ។ លោកបញ្ជាក់ថា៖ «តាមខ្ញុំដឹងពីមុនពលរដ្ឋគាត់ខឹងសម្បាតែក្រោយពេលចាប់កម្មករតូចតាចពលរដ្ឋហាក់ដូចជាខកចិត្តពីព្រោះដោយសារតែកម្មករបណ្តែតទាំងនោះធ្វើតែតាមបញ្ជាគេ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

លោកស្រី ហ៊ុន ម៉ាណា ចុះផ្តល់អំណោយផ្ទះទេវតា៤ខ្នង ដល់ចាស់ជរាគ្នានទីពឹង ក្នុងខេត្តកំពង់ស្ពឺ

$
0
0

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោកស្រី ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន បានប្រគល់ជូនផ្ទះទេវតាចំនួន៤ខ្នង ជូនទៅដល់ចាស់ទូរគតជន ចំនួន៤រូបដែលស្ថិតនៅ ក្នុងខេត្តកំពង់ស្ពឺ។

យោងតាម Facebook Page របស់លោកស្រី ហ៊ុន ម៉ាណា បានបញ្ជាក់ថា ផ្ទះទី១ ជាអំណោយរបស់លោក នុត តុន, លោក ជា ចាន់ដារ៉ា, លោកស្រី សារិន ដាលីន ត្រូវបានប្រគល់ ជូនទៅដល់លោកយាយ ជឹម មើ អាយុ៧១ឆ្នាំ រស់នៅភូមិទឹកលង១ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ផ្ទះទី២ ជាអំណោយរបស់លោកស្រីឧកញ៉ា លីម ឈីវហូរ ត្រូវបានប្រគល់ទៅដល់លោកយាយ សាប់ ម៉ាង អាយុ៨៤ឆ្នាំ រស់នៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ផ្ទះទី៣ជា អំណោយរបស់លោកស្រីលីម ឈីវហូរ ត្រូវបានប្រគល់ទៅដល់លោក យាយ យឹម លីមស្រី អាយុ៨៦ឆ្នាំ រស់នៅភូមិគោក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ផ្ទះទី៤ ជាអំណោយរបស់លោក ស្រី គឹមហេង សុខផល ត្រូវបានប្រគល់ទៅដល់លោកយាយ យឹម លីមស្រី អាយុ៨៦ឆ្នាំ រស់នៅភូមិគោក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសផ្ដល់ជូន នូវផ្ទះទេវតាចំនួន៤ខ្នងនោះ ក្រុមការងារក៏បានចែកជូនអំណោយមនុស្សធម៌ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកតា លោកយាយ សិស្សានុសិស្ស, ជនពិការរួមមានសម្ភារៈប្រើប្រាស់គ្រឿង ឧបភោគ-បរិភោគ និងថវិកាមួយចំនួនទៀតផង៕

ប្រភព៖ freshnewsasia

ម្អិតក្ដៅៗ! ទូកង «រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ» ត្រូវកប៉ាល់ក្រុមហ៊ុនទេសចរណ៍វៀតណាម (APT) បើកប៊ុកពេញទំហឹង បណ្ដាលឲ្យបាត់ខ្លួនមនុស្ស ២នាក់ ពេលនេះនៅមិនទាន់រកឃើញទេ

$
0
0

ភ្នំពេញ៖ ចំណុះទូកង «រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ» ២នាក់ក្នុងចំណោមគ្នា ៩នាក់ បានធ្លាក់ទឹកលិចបាត់រកមិនទាន់ឃើញ ដោយសារតែកប៉ាល់ក្រុមហ៊ុនទេសចរណ៍វៀតណាម (APT) បើកបុកទាំងកំរោលបណ្ដាលឲ្យលិចកណ្ដាលទន្លេ កាលពីវេលាម៉ោង ៧និង៣០ នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចទន្លេរបួនមុខ ស្ថិនខាងមុខព្រះបរមរាជ្យវាំង រាជធានីភ្នំពេញ ។

លោក អ៊ូច សយ អាយុ ៥៦ឆ្នាំ ជាកីឡាករអុំទូករបស់ទូកង «រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ» រាជធនីភ្នំពេញ ជាទូកងនៅវត្តអម្ពវ័ន្តព្រែថ្មី ភូមិព្រែកថ្មីសង្កាត់ព្រែថ្មី ខណ្ឌច្បារអំពៅ បានឲ្យដឹងថា ទូកងនេះ មានចំណុះកីឡាករចំនួន ៥៧នាក់ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ ទូកងរបស់ពួកគាត់បានដាក់ម៉ាស៊ីនសណ្ដោងចេញពីវត្តអមវ័ន្ត ឆ្ពោះមកជ្រាយចង្វារ ដោយជិះគ្នា ៩នាក់ ដើម្បីទៅសមប្រលងប្រណាំងប៉ះជាមួយទូកចតុមុខវត្តជ្រាយចង្វារ ខណៈពេល ក្រុមរបស់គាត់សណ្តោងអូសទូកងមកដល់ចំណុចកណ្ដាល ទន្លេបួនមុខបម្រុងនឹងចូលអែប មាត់ច្រំាងទន្លេ ក៏ស្រាប់តែមានកប៉ាល់របស់ក្រុមហ៊ុនទេសចរណ៍វៀតណាម (APT) បើកស្របទិសគ្នាក្នុងល្បឿនលឿនបើកទៅបុកទូកងបណ្តាល ឲ្យលិចទូកងបាត់កីឡាករចំណុះទូក អស់ ២នាក់ រកមិនទាន់ឃើញនៅឡើយ ។

បើតាមការឲ្យដឹងពីឈ្មោះ យ៉ាង វ៉ាន់ដា ភេទប្រុស អាយុ ២៥ឆ្នាំ ដែលជាកីឡាករចំណុះទូក និងជាអ្នកបញ្ជាម៉ាស៊ីន បានឲ្យដឹងថា ពួកគាត់នាំគ្នាជិះលើទូកង មានគ្នាទាំងអស់ ៩នាក់ ស្រាប់តែជិះមកដល់កន្លែងកើតហេតុ គាត់បានបត់ទូកមកខាងឆ្វេងដៃ ដើម្បីអែបមាត់ច្រាំងទន្លេ គាប់ជួនកប៉ាល់ទេសចរណ៍ក្រុមហ៊ុនវៀតណាម បើកលឿនមិនបានបន្ថយល្បឿន ក៏បុកទូកកន្សៃខាងក្រោយលិច នាំគ្នាហែលទឹកទាំងអស់គ្នា ត្រូវបានអូប័ររបស់កម្លាំងអន្តរាគមន៍ ជើងទឹកចេញមក ជួយសង្គ្រោះទាន់ពេលវេលា ចំណែកចំណុះទូក ២នាក់ទៀត សង្ស័យអត់ចេះហែលទឹក ឬក៏ទូកសង្កត់លើលិចបាត់តែម្តង ។

កីឡាករចំណុះទូក ដែលបាត់ខ្លួនរកមិនទាន់ឃើញមានឈ្មោះ ឈឺន ខុំ ភេទប្រុស អាយុ ៣៥ឆ្នាំ និងឈ្មោះ សុខ ចាន់ចេស្តា ភេទប្រុស អាយុ ១៨ឆ្នាំ ។ បន្ទាប់ពីមានហេតុការណ៍កប៉ាល់ទេសចរណ៍បុកទូកង បណ្ដាលឲ្យលិចទឹកបាត់មនុស្ស ២នាក់ហើយនោះ កងកម្លាំងជើងទឹក ដែលអន្តរាគមន៍នៅបរិវេណខាងមុខ ព្រះបរមរាជវាំង បានចេញទៅស្រង់ទូក ដែលលិចនោះអូសសណ្ដោងពីត្រើយខាងកើតឆ្ពោះទៅត្រើយខាងលិច ស្ថិតក្បែររបងសាលចតុមុខដើម្បី ឲ្យសមត្ថកិច្ចជំនាញសួរនាំពីរឿងហេតុ ។
សមត្ថកិច្ចបញ្ចាក់ថា កប៉ាល់ទេសចរណ៍ដែលបុកទូកងលិចនោះ បានមកចតដាក់ភ្ញៀវនៅកំពង់ ផែបណ្ដែត ខាងមុខផ្សាររាត្រី ដើម្បីសមត្ថកិច្ចជំនាញចុះស្រាវជ្រាវបន្តទៀត ៕ សហការី KBN-live.com

ប្រភព៖ kbn-live

អ្នកបោះឆ្នោត​ខ្មែរ​អាមេរិកាំង​ងាក​មក​ផ្តោតលើ​បញ្ហា​ប្រឈម​ក្រោយពេល​លោក​ត្រាំ​ជាប់ឆ្នោត​

$
0
0

វ៉ាស៊ីនតោន៖ អ្នកបោះឆ្នោតខ្មែរអាមេរិកាំងសង្ឃឹមថា លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីទើប ជាប់ឆ្នោតនឹងដោះស្រាយបញ្ហានៅក្នុងប្រទេសនិងពង្រឹងគោលនយោបាយការបរទេសថែមទៀត បើទោះបីជាពួកគេសម្តែងការព្រួយបារម្ភលើគោលជំហរនិងបទពិសោធន៍ការងាររបស់លោកក៏ដោយ។ សហគមន៍ខ្មែរអាមេរិកាំងបានចូលរួមប្រឡូកក្នុងសកម្មភាពនយោបាយសហរដ្ឋអាមេរិកកាន់តែសកម្មជាងមុន។

នៅក្នុងអំឡុងពេលឃោសនាលោក ដូណាល់ ត្រាំ ដែលមកពីគណបក្សសាធារណរដ្ឋបានរិះគន់ដល់គោលនយោបាយអន្តោប្រវេសន៍ពេលបច្ចុប្បន្ននិងសន្យាសាងសង់ជញ្ជាំងខណ្ឌប្រទេសម៉ិកស៊ិកពីសហរដ្ឋអាមេរិកដោយសារមានជនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើនហូរចូលមកពីប្រទេសនេះ។

លោក ណែម ឈឿង ប្រធានសមាគមក្រុងខ្មែរនៅរដ្ឋចរចាបានបញ្ជាក់ថា៖ «ខ្ញុំបារម្ភ ជាពិសេសត្រង់ថា ជនជាតិភាគតិចដូចក្រុមពួកយើងអីចឹងនឹងមានការព្រួយបារម្ភច្រើនក្នុងការចាប់បញ្ជូនទៅវិញក្នុងការដោះស្រាយ ជាពិសេសបញ្ហាអន្តោប្រវេសន៍គឺគាត់ហាក់ដូចជាមានការតឹងតែងខ្លាំងម្ល៉ោះហើយមានការព្រួយបារម្ភដែរចំពោះជនជាតិភាគតិចនៅស្រុកនេះ ក៏ប៉ុន្តែខ្ញុំជឿថាអ្វីៗវាស្ថិតនៅលើសភាជាអ្នកសម្របសម្រួលដែរមិនមែនរដ្ឋាភិបាលមានឥទ្ធិពលមួយមុខទេប៉ុន្តែរឿងមួយទៀតដែលខ្ញុំព្រួយបារម្ភហើយក៏បានផ្តល់យោបល់លើកមុនដែរគឺថាអំណាច។ អំណាចលើកនេះ ដូណាល់ ត្រាំ គាត់ត្រួតត្រារដ្ឋាភិបាលគាត់មកពីគណបក្សសាធារណរដ្ឋចំណែកសភាជាន់ទាបនិងសភាជាន់ខ្ពស់លើកនេះមកពីខាងគណបក្សសាធារណរដ្ឋទៀតម្ល៉ោះហើយវាអាចធ្វើឱ្យសន្ទុះនៃការខិតខំប្រឹងប្រែងរបស់ត្រាំបើវាល្អគឺយើងសប្បាយចិត្តប៉ុន្តែបើវាមិនល្អទេវាមានផលលំបាកច្រើនទៅលើការដឹកនាំរបស់គាត់ម្ល៉ោះហើយវាហាក់ដូចជាយើងកំពុងតែស្ទង់ចិត្តមើលថាគាត់អាចសម្របសម្រួលនឹងប្រើប្រាស់អំណាចដ៏មហិមាដែលគាត់មាននៅក្នុងដៃពេលនេះថាតើបានផលដោយរបៀបណា។ យើងកំពុងតែអង្គុយចាំមើលដូចគ្ន‍ា»។

អ្នកស្រី ណាវ៉ាន ចិត្រ សកម្មជនសហគមន៍ក្នុងទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ាបានបញ្ជាក់ថាអ្នកស្រីបោះឆ្នោតជូនលោកស្រីហ៊ីលឡារី គ្លីនតុនបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យដោយសារតែលោក ដូណាល់ ត្រាំ ប្រើប្រាស់ពាក្យពេចន៍មិនសមរម្យមិនសូវគោរពស្ត្រី និងជនជាតិភាគតិចដទៃទៀត។

ប៉ុន្តែអ្នកស្រីណាវ៉ាន់ សង្ឃឹមថាលោកត្រាំនឹងអាចជួយជំរុញសិទ្ធិមនុស្សនៅប្រទេសកម្ពុជាបានបើទោះបីជាលោកត្រាំហាក់ដូចជាមិនទាន់ស្គាល់ប្រទេសកម្ពុជាក៏ដោយ៖
«ខ្ញុំមិនដែលឮគាត់និយាយថាប្រទេសខ្មែរយ៉ាងម៉េចៗ មិនដែលឮសូរ ម្ល៉ោះហើយខ្ញុំមិនដឹងថាគាត់ដឹងថាខ្មែរនៅឯណាទេ។ ខ្ញុំគ្រាន់តែសង្ឃឹមថាគាត់ជាគណបក្សសាធារណរដ្ឋខ្ញុំគ្រាន់តែសង្ឃឹមថាគាត់នឹងអាចជួយស្រុកខ្មែរបាន។ ប៉ុន្តែឱ្យគាត់ស្គាល់ដោយខ្លួនឯងថាខ្មែរនៅកន្លែងណាប្រហែលជាអត់ទ‍េ»។

លោកមហាសេដ្ឋីអលនទ្រព្យ ដូណាល់ ត្រាំ ទទួលបានប្រតិភូចំនួន២៩០រូបដែលលើសពីចំនួនចាំបាច់តែ២៧០រូបដើម្បីឈ្នះការបោះឆ្នោតក្នុងខណៈដែលលោកស្រីហ៊ីលឡារី គ្លីនតុនទទួលបានតែចំនួន២២៨ប៉ុណ្ណោះ។ នេះបើតាមតួលេខថ្មីបំផុត។ លោកត្រាំមានបទពិសោធន៍ក្នុងរបរជំនួញប៉ុន្តែមិនដែលបានកាន់កិច្ចការធំដុំក្នុងរដ្ឋាភិបាលទេហើយលោកបានរិះគន់របៀបធ្វើការរបស់ថ្នាក់ដឹកនាំនៅរដ្ឋធានីវ៉ាស៊ីនតោននិងសន្យាថានឹងធ្វើការកែប្រែ។

លោក កំផា សិទ្ធ ពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុងឈីកាហ្កោ រដ្ឋអ៊ីលីណយ និងជាលេខាធិការនៃអង្គការជាតិខ្មែរអាមេរិកាំងបានបញ្ជាក់ថាលោកបានបោះឆ្នោតជូនលោកដូណាល់ ត្រាំដោយលោកចង់បានការដឹកនាំថ្មីមួយ។

«យ៉ាងហោចណាស់ក៏សង្ឃឹមថាមនុស្សមួយដែលថ្មីអត់មានពិសោធន៍នៅក្នុងរដ្ឋាភិបាលហើយខ្ញុំសង្ឃឹមថារដ្ឋាភិបាលអាមេរិកាំងសព្វថ្ងៃហ្នឹងត្រូវគេធុញទ្រាន់មុខដដែលៗហើយបញ្ហានៅ វ៉ាស៊ីនតោនឌីស៊ីនេះគឺមិនបានតំណាងនូវសំឡេងប្រជាជនដ៏ពិតប្រាកដ។ ចឹងហើយបានជាការបោះឆ្នោតនេះទៅជាអីចឹង‍»។

ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅលើកនេះទទួលបានការចាប់អារម្មណ៍ពីមេដឹកនាំពិភពលោកដទៃទៀតក្នុងនោះមានលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាដែលសម្តែងការសប្បាយរីករាយនិងគាំទ្រលោក ដូណាល់ ត្រាំ តាំងពីក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត។ ប៉ុន្តែលោកលោក គុជ ចាន់លី អ្នកវិភាគនៅរដ្ឋម៉ារីឡែននិងជាអ្នកឯកទេសចិត្តសាស្ត្របានរំលឹកថាជ័យជម្នះរបស់លោកត្រាំអាចជាការខកចិត្តសម្រាប់មេដឹកនាំខិលខូចខ្លះ។

«មិនមែនជាការដែលគួរឱ្យអ្នកកាន់អំណាចផ្តាច់ការទាំងឡាយនៅក្នុងពិភពលោកត្រេកអរទេពីព្រោះថាគណបក្សសាធារណរដ្ឋនៃសហរដ្ឋអាមេរិកនេះមានទស្សនវិស័យនេះមាន សណ្តាប់ធ្នាប់នៅក្នុងពិភពលោកឱ្យពិភពលោកដទៃទៀតមានការគោរពកោតខ្លាចមហាអំណាចអាមេរិកាំងគឺថាបើសិនជាគេមើលឃើញប្រទេសណាមួយមានការជិះជាន់ប្រជាពលរដ្ឋកាន់អំណាចផ្តាប់ការឬមួយក៏ ពុករលួយហួសហេតុខ្លាំងពេក ឬមួយក៏លក់គ្រឿងញៀនឬមួយក៏លាងលុយកខ្វក់ផ្សេងៗគឺថាសហរដ្ឋអាមេរិកមានប្រវត្តិធ្វើការបង្ក្រាបអ្នកកាន់អំណាចបែបហ្នឹងប្រទេសបែបហ្នឹងដាក់ទណ្ឌកម្មផ្សេងៗឬមួយក៏លើកទ័ពទៅវាយប្រទេសហ្នឹងតែម្តងដើម្បីឱ្យអ្នកកាន់អំណាចផ្តាច់ការផ្សេងៗរបូតចេញពីតំណែងចេញពីអំណាច។ ដូច្នេះហើយប្រទេសតូចតាចអាចស្វែងរកពន្លឺបានតាមរយៈការដឹកនាំនៃគណបក្សសាធារណរដ្ឋ‍»។

លោក សាន អឿន ពលរដ្ឋខ្មែររស់នៅទីក្រុង Richmond រដ្ឋ Virginia យល់ស្របថា ប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សណាក៏តែងតែគិតដល់ផលប្រយោជន៍ជាតិជាធំដែរបើទោះបីជារូបលោកផ្ទាល់បានប្តូរចិត្តពីគណបក្សសាធារណរដ្ឋមកបោះឆ្នោតជូនលោកស្រីគ្លីនតុនក៏ដោយ។

«ខ្ញុំថាអត់មានបញ្ហាអ្វីឱ្យខ្នក់ចិត្តទេព្រោះថា ការដឹកនាំប្រទេសជាតិគឺទិសដៅតែមួយ។ ខ្ញុំអត់មានបញ្ហាចោទធំលើបញ្ហានេះទេព្រោះការឈ្វេងយល់របស់បេក្ខជនម្នាក់គឺថា មានការចេះដឹងផ្សេងៗគ្នា។ ដូច្នេះម្នាក់បាននេះម្នាក់បាននោះប៉ុន្តែដំណើរការទិសដៅគឺតែមួយដូចតែគ្នាទ‍េ»។

លោកក៏បានស្នើសុំឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ផ្តោតលើការដោះស្រាយបញ្ហាក្នុងស្រុកដូចជាការងារនិងសុខាភិបាលហើយផ្តោតលើគោលនយោបាយការបរទេសដែលយកចិត្តទុកដាក់ដល់ប្រទេសកម្ពុជាផងដែរ។

ក្រៅពីឈ្នះបានតំណែងនៅសេតវិមាន គណបក្សសាធារណរដ្ឋក៏នៅបន្តគ្រប់គ្រងរដ្ឋសភានិងព្រឹទ្ធសភាផងដែរ។

សហគមន៍ខ្មែរអាមេរិកាំងបានចូលរួមប្រឡូកក្នុងសកម្មភាពនយោបាយសហរដ្ឋអាមេរិកកាន់តែសកម្មជាងមុនដោយមានសកម្មជនខ្លះបានចូលរួមឃោសនាជាមួយនឹងបេក្ខជនតំណាងរាស្ត្រនៅថ្នាក់មូលដ្ឋានរបស់ខ្លួននិងធ្វើយុទ្ធនាការបញ្ចុះបញ្ចូលសមាជិកឱ្យបោះឆ្នោតលើបញ្ហាដែលពួកគេជួបប្រទះជាដើម៕

ប្រភព៖ ថ្មីៗ


សាលា​រាជធានី​ប្រកាសជា​ថ្មី​ពីម៉ោង​ចេញ​ចូល​ក្នុង​ក្រុង​សម្រាប់​រថយន្ត​ធុន​ធំ

$
0
0

ដើម្បីរក្សាសណ្តាប់ធ្នាប់ ការកកស្ទះចរាចរណ៍ និងការបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗនៅលើដងផ្លូវ សាលារាជធានីភ្នំពេញ សហការជាមួយមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន កងម្លាំងប្រដាប់អាវុធបានប្រជុំក្រុមការងារត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត និងត្រួតពិនិត្យរថយន្តដឹកជញ្ជូនគ្រប់ប្រភេទចេញ-ចូលរាជធានីភ្នំពេញ។

លទ្ធផលក្រោយកិច្ចប្រជុំពិភាក្សា បានសម្រេចកំណត់ម៉ោង ចេញ-ចូលរបស់រថយន្តធនធំដូចតទៅ៖

គឺរថយន្តប្រើប្រាស់ប័ណ្ណប្រភេទA ចាប់ពី៣តោន ដល់៥តោន រថយន្តប្រើប្រាស់ប័ណ្ណប្រភេទB ជារថយន្តករណីពិសេស គឺរថយន្តក្រឡុកបេតុង និងរថយន្តប្រើប្រាស់ប័ណ្ណប្រភេទC ចាប់ពី៥តោន ដល់១០តោន អនុញ្ញាតឲ្យចូលធ្វើចរាចរចន្លោះពីម៉ោង៩ព្រឹក ដល់ម៉ោង៤រសៀល។ឯរថយន្តប្រើប្រាស់ប័ណ្ណប្រភេទD ចាប់ពី១០តោន ដល់២៤តោន អនុញ្ញាតឲ្យចូលធ្វើចរាចរចន្លោះពីម៉ោង៨យប់ដល់ម៉ោង៦ព្រឹក។

ប្រភព៖ វាយោ

តំណាងសហគមន៍បឹងកក់ ទេព វន្នី បរាជ័យក្នុងការសុំនៅក្រៅឃុំបណ្តោះអាសន្ន

$
0
0

(ភ្នំពេញ)៖ លោក ងួន រតនា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ បានសម្រេចបដិសេធសំណើសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់ អ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ នៅក្នុងសវនការនាសាលាឧទ្ធរណ៍ នៅព្រឹកមិញ។

អ្នកស្រី ទេព វន្នី ត្រូវបានតុលាការចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ ។ សកម្មជនបឹងកក់ អ្នកស្រី ទេព វន្នី បន្តជាប់ឃុំក្នុងពន្ធនាគារ ខណៈដៃគូ គឺ អ្នកស្រី បូវ សោភា ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ ។

លោក ពេជ្រ វិជ្ជាធរ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ សម្រេចកែប្រែបទចោទប្រកាន់លើស្ត្រីបឹងកក់ពីរនាក់ ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាជាចលនាបដិវត្តន៍ពណ៌ មកជាបទ «ប្រមាថ» វិញ ។

តុលាការសម្រេចផ្ដន្ទាទោសស្ត្រីបឹងកក់ទាំងពីរនាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ៦ថ្ងៃ និងពិន័យជាប្រាក់៨ម៉ឺនរៀល ពីបទ «ប្រមាថ» តាមមាត្រា៥០២នៃក្រមព្រហ្មទណ្ឌ ។

ក្រោយការសម្រេចនេះ អ្នកស្រី បូវ សោភា ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីយប់ថ្ងៃទី២២ ខែសីហា។

ទោះបីយ៉ាងណា ឈ្មោះ ទេព វន្នី ត្រូវបន្តជាប់ឃុំក្នុងពន្ធនាគារ ដោយនៅមានពីរករណីផ្សេងទៀតនៅស្ថាប័នតុលាការ ដូចជាករណីទី១ បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងករណីទីពីរ បទល្មើសប្រមាថអ្នករាជការសាធារណៈ និង បទប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ជាដើម៕

ប្រភព៖ freshnewsasia

នារី​ដែល​ឃាតករ​បានសម្លាប់ យក​ចោល​នៅ​គំនរ​សំរាម​នោះ ស្គាល់​អត្តសញ្ញាណ​ហើយ

$
0
0

ភ្នំពេញ: សពនារីម្នាក់ ដែលជាបុគ្គលិកក្លិប ៥៥ ត្រូវឃាតករ រឹត ក សម្លាប់ ហើយរុំភួយ ចងរឹតនឹងខ្សែនីឡុង យកទៅបោះចោល នៅលើគំនរសំរាមមួយកន្លែង នៅក្បែរដងផ្លូវបេតុង ១០០៣ ក្រុម៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កភាពភ្ញាក់ផ្អើល កាលពីម៉ោង ១០ និង ៣០នាទី ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា នោះ សមត្ថកិច្ច បានស្រាវជ្រាវ ដឹងពីអត្តសញ្ញាណហើយ ។

សមត្ថកិច្ច បានប្រាប់ថា សពនារីនោះ ឈ្មោះ កែវ កញ្ញា អាយុ ១៩ឆ្នាំ មុខរបរ បុគ្គលិកក្លិប៥៥ ស្នាក់នៅផ្ទះលេខ១១៤៧ ផ្លូវជាតិលេខ២ ក្រុម១២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ប្រភពពីបុរសម្នាក់ ឈ្មោះ ខេង គួក ហៅ ជ្រូក អាយុ ៤២ឆ្នាំ មុខរបរ រើសអេតចាយ បានប្រាប់ថា មុនកើតហេតុ គាត់បានទៅរើសអេតចាយ នៅចំណុចខាងលើ បានឃើញភួយ ពណ៌ក្រហម។ ពេលនោះ គាត់បានទៅទាញភួយ ខាងលើ មើល ស្រាប់តែឃើញជើង សពនារីខាងលើ។ ពេលនោះ គាត់បានហៅអ្នកដំណើរ ឆ្លងកាត់ទីនោះ អោយមកជួយមើល បង្កឲ្យមានការភ្ញាក់ផ្អើល និងបានប្តឹងសមត្ថកិច្ចមូលដ្ឋាន អោយចុះមកពិនិត្យ ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យឃើញ រុំលើសពមានភួយ ផ្កាពណ៌ក្រហម ចំនួន១ ភួយពណ៌ផ្កាឈូក លាយស ចំនួន១ និងកន្សែងពោះគោ ពណ៌ស្វាយចំនួន១ ដែលរុំសាកសព ហើយចងខ្សែនីឡុង សំរាប់ចង ១ខ្សែ ប្រវែង ៩ម៉ែត្រ ០២តឹក និងឌុយខ្សែភ្លើង ដោតអគ្គិសនី ពណ៌ខ្មៅចំនួន ១ មានប្រវែង ១ម៉ែត្រ៤២តឹក បានរឹតជាប់ ក សពស្ត្រីខាងលើ ត្រូវបានសមត្ថកិច្ច ដកយកមកធ្វើកោសល្យវិច័យ នៅវត្តក្រាំងធ្នង់ ។

ប្រភពព័ត៌មានពី សាច់ញាតិ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះ សម្រាកអត់ធ្វើការទេ ហើយនៅវេលាម៉ោង ៦ ល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា បានជិះម៉ូតូស្កុបពី មួយគ្រឿង និងទូរស័ព្ទ មួយគ្រឿង ចេញពីផ្ទះ ដោយប្រាប់ថា ទៅជួបមិត្តភ័ក្ដិ បន្តិចទៀតត្រឡប់មកវិញ ហើយ នាំបងប្អូន ទៅដើរលេងបុណ្យអុំទូក។ ស្រាប់តែចេញទៅបាត់រហូត តែសាច់ញាតិ មិនបានចាប់ អារម្មណ៍ទេ ដោយសារតែកន្លងមក ជនរងគ្រោះ ធ្លាប់ទៅធ្វើការយប់ជ្រៅ ក៏មិនបានត្រឡប់ មកផ្ទះម្តងម្កាលដែរ ។ ទាល់តែព្រឹកឡើង ស្តាប់ព័ត៌មាន ដឹងថា មាននារីម្នាក់ ត្រូវឃាតករ រឹតក សម្លាប់រុំភួយ យកទៅប្លុងចោល សាច់ញាតិ បាននាំគ្នាទៅមើល ដោយសារតែទាក់ទង ទូរស័ព្ទអត់បាន ពេលទៅដល់ ឃើញស្គាល់ថា ជាជនរងគ្រោះ ពិតប្រាកដមែន ។

តាមការបញ្ជាក់ប្រាប់ពី លោកឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យ ទៅលើសព បានប្រាប់ថា ស្ត្រីនេះ បានស្លាប់ ដោយសារថប់ដង្ហើម (គេរឹតក) សម្លាប់ ហើយការស្លាប់នេះ មានរយៈពេលលើសពី ១២ ម៉ោងហើយ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ សាច់ញាតិ មិនទាន់បានបញ្ជាក់ថា ជាករណី អ្វីពិតប្រាកដទេ។ ចំណែកសមត្ថកិច្ចជំនាញ អះអាងថា ជាករណីរឹតកសម្លាប់ ។ ចំណែកប្រភពក្រៅផ្លូវការ បាន ឲ្យដឹងថា អាចជាករណីរឹត ក សម្លាប់ប្លន់យកម៉ូតូ និងទូរស័ព្ទ ។ ទោះបីជាយ៉ាងណា សមត្ថកិច្ច កំពុងតែស្រាវជ្រាវ និងកំណត់មុខសញ្ញា ជនដៃដល់ ដើម្បីស្រាវជ្រាវ យកមក ផ្តន្ទាទោសតាមច្បាប់ ៕

ប្រភព៖ CEN

បានតែមួយចំអិនកំពិស ឥឡូវកម្រើកឡើងលើសដើមវិញហើយ

$
0
0

ខេត្តមណ្ឌលគីរី៖ បន្ទាប់ពីក្រុមកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះបង្រ្កាបបទល្មើសព្រៃឈើនៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងរយះពេលប៉ុន្មានខែកន្លងមកនេះ ការដឹកជញ្ជូនឈើខុសច្បាប់ស្ងប់ស្ងាត់ទៅវិញ ប៉ុន្តែបច្ចុប្បន្ននេះការដឹកជញ្ជូនឈើខុសច្បាប់ចាប់ផ្តើមកម្រើកឡើងវិញហើយ ដោយមានការបើកភ្លើងខៀវពីសមត្ថកិច្ច និងជំនាញមួយចំនួនដែលនៅប្រចាំការនៅក្នុងស្រុកនេះ ដោយដឹកចេញពីក្នុងស្រុកកែវសីមាយកទៅលក់ឲ្យឈ្មួញយួនតាមច្រករបៀងជាប់ព្រំប្រទល់ប្រទេសវៀតណាម។

ជាក់ស្តែងនៅទី១៥ខែវិច្ឆិកា ឆ្នាំ២០១៦វេលាម៉ោង២២នឹង៤០នាទី ម្សិលមិញនេះ កម្លាំងកងរាជស្រុកកែវសីមា បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧៦១ និងមន្រ្តីផ្នែករដ្ឋបាលព្រៃឈើកែវសីមាចាប់បានរថយន្តដឹកឈើចំនួន០២គ្រឿង និងម៉ូតូដឹកឈើចំនួន១៥គ្រឿង ដឹកសុទ្ធតែឈើប្រណិតក្នុងនោះ ឈើបេងចំនួន១៣ដុំ ឈើធ្នង់ចំនួន៣៤ដុំ ឈើកកោះចំនួន០១សន្លឹក នៅត្រង់ចំនុចភូមិអូរអាម ឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដឹកឈើខាងលើ ជារថយន្តរបស់ប្អូនប្រុសលោកអភិបាលស្រុកកែវសីមា ហើយបច្ចុប្បន្ននេះវត្ថុតាងត្រូវបានប្រគល់ឲ្យសង្កាត់រដ្ឋបាលព្រៃឈើស្រែព្រះ និងចុងផ្លាស់ ដើម្បីរក្សាទុកចាត់ការទៅតាមនិតិវិធីច្បាប់ ៕ ដោយ៖ រមនា

img-20161116-wa0156 img-20161116-wa0158 img-20161116-wa0159

ប្រភព៖ vd7news

ការ​បង្ក្រាប​ស៊ីម​កាត​មិន​​ចុះ​បញ្ជី​​​ផ្អាក​​ដោយ​សារ​ចំ​ថ្ងៃ​ឈប់សម្រាក​សាធារណៈ

$
0
0

ការសន្យារបស់រដ្ឋាភិបាលដែលថានឹងធ្វើឱ្យប្រាកដថា រាល់ស៊ីមកាតទូរស័ព្ទចល័តទាំងអស់ត្រូវបានចុះបញ្ជីនោះ បានខកខានជាថ្មីម្ដងទៀត គឺពេលនេះចំពេលថ្ងៃឈប់សម្រាកជាសាធារណៈដោយឱសានវាទថ្មីបំផុតសម្រាប់ក្រុមហ៊ុនអនុវត្តតាម កន្លងផុតទៅដោយមិនមានការចាត់វិធានការណាមួយឡើយ។

បើទោះជាមានការសន្យាកាលពីពីរសប្ដាហ៍កន្លងមកថា ក្រុមការងារដែលត្រូវបានបង្កើតឡើងដើម្បីអនុវត្តការដាក់បញ្ជាឱ្យក្រុមហ៊ុនទូរស័ព្ទចល័តទាំាងអស់ចុះបញ្ជីគណនីទាំងអស់ ឬ បើមិនដូច្នោះទេ នឹងបិទលេខទាំងនេះនៅពាក់កណ្ដាលខែនេះនោះ អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជាបានមានប្រសាសន៍ថា នគរបាលមិនទាន់បានចូលរួមនៅក្នុងការខិតខំប្រឹងប្រែងនេះនៅឡើយទេ។

លោក អឹុម វុត្ថា ជាអ្នកនាំពាក្យបានមានប្រសាសន៍ថា “យើងនឹងស្នើឱ្យប្រធានរបស់ខ្ញុំចុះហត្ថលេខាលើលិខិតនេះនៅថ្ងៃស្អែក។ បន្ទាប់មក យើងនឹងបញ្ជូនលិខិតនេះទៅនគរបាលជាតិ ដើម្បីសុំឱ្យកម្លាំងនគរបាលចូលរួមជាមួយក្រុមការងារនេះ”។

លោក អឹុម វុត្ថា បានមានប្រសាសន៍ថា ដោយប្ដេជ្ញាថា នឹងចាប់ផ្ដើមពិនិត្យមើលការអនុវត្តនៅសប្ដាហ៍នេះ ហើយបានសម្រេចដាក់ទោសទណ្ឌដល់ក្រុមហ៊ុននានាក្នុងទម្រង់ជាការផាកពិន័យ ឬការព្យួរអាជ្ញាប័ណ្ណនោះ ក្រុមការងារនេះត្រូវបានផ្អាកដោយចំពេលបុណ្យអុំទូក។ លោកបានបន្ថែមថា ស៊ីមកាតដែលមិនបានចុះបញ្ជីទាំងអស់នៅតែត្រូវគេដាក់លក់ដោយបើកចំហដដែល។

លោក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកសន្តិសុខផ្ទៃក្នុងបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការខិតខំប្រឹងប្រែងនេះទេ ដែលសំដៅទប់ស្កាត់អ្នកប្រើប្រាស់អនាមិកកុំឱ្យធ្វើប្រតិបត្តិការខុសច្បាប់ ឬបទល្មើសផ្សេងៗតាមទូរស័ព្ទចល័ត។

ក្រុមហ៊ុនទូរស័ព្ទធំៗចំនួនបីគឺស្មាត មិត្តហ្វូន និងសែលកាត បានបង្ហោះសារតាមគេហទំព័ររបស់ខ្លួន ជូនដំណឹងដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យចុះបញ្ជីត្រឹមថ្ងៃទី៣១ ខែតុលា ប៉ុន្តែក្នុងចំណោមក្រុមហ៊ុនទាំងនេះគ្មានក្រុមហ៊ុនណាមួយលើកឡើងថា  នឹងបិទគណនីទាំងនោះនៅថ្ងៃជាក់លាក់ណាមួយឡើយ។

លោក ឈិន សុភ័ក្ត្រ តំណាងសេវាកម្មអតិថិជនរបស់ក្រុមហ៊ុនសែលកាតបានលើកឡើងថា អ្នកដែលទទួលបន្ទុកសម្រេចថាតើគណនីដែលមិនបានចុះបញ្ជីទាំងអស់នឹងត្រូវបិទនៅពេលណានោះមិនអាចទាក់ទងបានទេ ឬបានទៅវិស្សមកាលនៅអឺរ៉ុប ហើយបានបង្វែរសំណួរទាំងនេះទៅកាន់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន។

សារដែលផ្ញើតាមគណនីរបស់ក្រុមហ៊ុនមានខ្លឹមសារថា អ្នកប្រើប្រាស់ស៊ីមកាតដែលមិនបានចុះបញ្ជីទាំងអស់នឹងទទួលបានការជូនដំណឹងតាមរយៈសារជាអក្សរ ដោយទុករយៈពេល៧ថ្ងៃដើម្បីដោះស្រាយស្ថានភាពនេះ។

សារដដែលនេះបន្តថា “ក្រោយរយៈពេល៧ថ្ងៃ ការហៅចេញរបស់លោកអ្នកនឹងត្រូវ បិទ ហើយបន្ទាប់ពីរយៈពេល១៤ថ្ងៃ ទាំងការហៅចេញ និងការហៅចូល  នឹងត្រូវបិទព្រមគ្នាតែម្ដង”៕ សារុន

ប្រភព៖ cambodiadailykhmer

Viewing all 4099 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>